នឹងមានការតែងតាំង រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ សារជាថ្មី ក្រោយគណៈរដ្ឋមន្ត្រីអនុម័ត

0

 

ភ្នំពេញ៖ ក្រោយពីគណៈរដ្ឋមន្ត្រី សម្រេចអនុម័ត លើសេចក្តីព្រាងច្បាប់ ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកឡើងថា នឹងមានការតែងតាំងរដ្ឋមន្ត្រីជាថ្មីម្តងទៀត ដើម្បីឆ្លងរដ្ឋសភា ។

លោក ខៀវ កាញារីទ្ធ បានសរសេរលើបណ្ដាញ សង្គមហ្វេសប៊ុកនៅថ្ងៃទី៧ កុម្ភៈនេះថា «លើសំណើប្តូរឈ្មោះក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ទៅជាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គណៈរដ្ឋមន្ត្រី សំរេចរៀបចំជាច្បាប់ថ្មី ព្រមទាំងតែងតាំងរដ្ឋមន្ត្រីជាថ្មីម្តងទៀត ដើម្បីឆ្លងរដ្ឋសភា ។ នៅលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ដោយក្រសួងនានាមានរចនាសម្ព័ន្ធ ប្រហាក់ប្រហែលគ្នាមួយចំនួន គណៈរដ្ឋមន្ត្រីត្រូវដឹកនាំប្រជុំសម្របសម្រួលឡើងវិញ» ។

ជាមួយគ្នានោះដែរលោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ដែរថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចអនុម័ត លើ“សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងសេចក្តីព្រាងអនុក្រឹតស្តីពីការរៀបចំ និងការប្រព្រឹតទៅរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍” ក៏ប៉ុន្តែដកមាត្រា៤ និងកែសម្រួលពាក្យពេចន៍មួយចំនួន នៅក្នុងមាត្រាមួយចំនួនផងដែរ ៕