ប្រុងប្រយ័ត្ន! ភាពចន្លោះប្រហោងថ្មីក្នុងប្រព័ន្ធប្រតិបត្តិការវីនដូ (Windows OS) អាចឲ្យគេហែកយកទិន្នន័យអ្នកប្រើប្រាស់បាន

0

ភ្នំពេញ៖ ថ្មីៗនេះក្រុមហ៊ុន Microsoft បានធ្វើបច្ចុប្បន្នភាពកម្មវិធី Windows ដើម្បីការពារពីការវាយប្រហារ តាមរយៈការបំប្លែង Cryptography Certificate ដែលធ្វើឱ្យប្រព័ន្ធប្រតិបត្តិការ មានការភាន់ច្រឡំថាឯកសារចូលទាំងនោះ មកពីប្រភពដែលអាចជឿទុកចិត្តបាន (trust provider)។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានអះអាងថា ចំណុចខ្សោយផ្នែកសុវត្ថិភាពមួយនេះ ប៉ះពាល់ទៅលើកុំព្យូទ័រដែលកំពុងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការទាំងវីនដូ ៣២ប៊ីត និងវីនដូ ៦៤ប៊ីត (Windows 32-bit and 64-bit) ដែលអាចឱ្យអ្នកវាយប្រហារ (Attacker) ចូលទៅតាមដានឬទាញយកទិន្នន័យរបស់អ្នកប្រើប្រាស់។ទោះបីជាក្រុមហ៊ុន Microsoft ពុំទាន់ឃើញមានការវាយប្រហារ តាមរយៈការបំប្លែង Cryptography Certificate នេះក៏ដោយ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ចាត់ទុកថាការធ្វើបច្ចុប្បន្នភាពនេះ គឺសំខាន់ណាស់ដើម្បីការពារពីការវាយប្រហារនេះ ជាពិសេសក្រោយពីការផ្សព្វផ្សាយពីចំណុចខ្សោយនេះ៕