Xiaomi Mi Watch Premium Edition ពន្យាពេលចេញលក់

0

ក្រុមហ៊ុន Xiaomi បានបង្ហាញ Mi Watch របស់ខ្លួនកាលពីខែមុនរួមជាមួយ Mi CC9 Pro ។ នាឡិកាវៃឆ្លាតរបស់ក្រុមហ៊ុន Xiaomi ដែលភ្ជាប់មកជាមួយយីហោ“ Mi” នេះមើលទៅដូចជា Apple Watch អញ្ចឹងដែរ។
Mi Watch ត្រូវបានដាក់លក់រួចហើយ ចាប់តាំងពីខែមុននៅក្នុងប្រទេសចិន ដោយលក់ក្នុងតម្លៃ ១៨៦ ដុល្លារ ហើយសម្រាប់នាឡិកា​ Premium Edition នឹងត្រូវបំពាក់ដោយកញ្ចក់គ្រីស្តាល់ត្បូងកណ្តៀង និងស៊ុមដែកអ៊ីណុកផងដែរ ដែលក្រុមហ៊ុនបានបញ្ជាក់ថា នឹងដាក់លក់នៅចុងឆ្នាំនេះ ប៉ុន្តែក្រុមហ៊ុនទើបតែបានចេញសេចក្តីថ្លែងការណ៍អំពីការពន្យាពេលរបស់ខ្លួននៅលើ Weibo ។
«អ្នកគាំទ្រជាទីស្រលាញ់
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់របស់អ្នកចំពោះ Xiaomi Watch Premium Edition ។ យើងសូមអភ័យទោស សម្រាប់ការពន្យាពេលនៃការចេញលក់។ ដើម្បីធានាបាននូវបទពិសោធន៍ដ៏ល្អ របស់អ្នកប្រើប្រាស់កាន់តែប្រសើរជាងមុន និងការស្តុកទុកឱ្យបានគ្រប់គ្រាន់ Xiaomi Watch Premium Edition ដែលក្រុមហ៊ុនបានប្រកាសថានឹងដាក់លក់នៅចុងខែធ្នូ វានឹងត្រូវបានពន្យារពេល រហូតដល់ខែកុម្ភៈឆ្នាំ ២០២០ ។ វានឹងត្រូវបានដាក់លក់ក្នុងពេលដំណាលគ្នានៅលើបណ្តាញផ្លូវការ ដូចជា Xiaomi Mall, Xiaomi Youpin, និង Xiaomi Tmall ។
យើងសង្ឃឹមថានឹងផ្តល់ឲ្យអ្នកគាំទ្រទាំងអស់នូវបទពិសោធន៍ដ៏អស្ចារ្យជាមួយនឹងនាឡិកា Xiaomi ។ ជាថ្មីម្តងទៀត យើងសូមអភ័យទោសចំពោះការពន្យាពេលនៃការចេញលក់នេះ។»
ក្រុមហ៊ុន Xiaomi ត្រូវការពេលច្រើនដើម្បីផលិតនាឡិកាដៃ Mi Watch សម្រាប់ស្តុកទុក ឲ្យស្របទៅតាមតម្រូវការ ហើយមួយវិញទៀតគឺត្រូវការពេលវេលាពិនិត្យលើគុណភាពឲ្យបានច្បាស់លាល់សម្រាប់អតិថិជនរបស់ខ្លួន។
សម្រាប់ម៉ូដែលធម្មតា ត្រូវបានដាក់លក់រួចរាល់ហើយ ក្នុងតម្លៃ ១,២៩៩ យ័ន ( ១៨៦ ដុល្លារ) ហើយសម្រាប់ម៉ូដែល Premium Edition ត្រូវបានគេរំពឹងថានឹងលក់ក្នុងតម្លៃ ១,៩៩៩ យន់ ( ២៨៦ ដុល្លារ) ៕