កាលពីដើមឆ្នាំកន្លងទៅ ក្រុមហ៊ុនផលិតស្មាតហ្វូនយក្សកូរ៉េខាងត្បូង Samsung ធ្លាប់បានបង្ហើបព័ត៌មានអំពីវត្តមានរបស់ស្មាតហ្វូនដ៏ថ្មីមួយ ដែលមានឈ្មោះថា W20 5G ទោះមិនបានបញ្ជាក់អ្វីបន្ថែម ប៉ុន្តែគេអាចមើលឃើញថា វាគឺជាប្រភេទស្មាតហ្វូនដែលអាចកាច់បាន។អ្នកជំនាញជាច្រើនមិនហ៊ានប៉ាន់ស្មានបានទេ ថាវានឹងត្រូវផលិតឡើងដើម្បីវាយលុកតែទីផ្សារចិន ដោយសារតែបច្ចុប្បន្នស៊េរី Samsung ជាច្រើនមានតម្លៃថ្លៃប្រៀបធៀបជាមួយនឹងទីផ្សារនេះ។
តែយោងតាមការចេញផ្សាយចុងក្រោយមួយ នៅថ្ងៃព្រហស្បតិ៍នេះដោយ Android Authority បានសរសេរថា ពេលនេះយើងប្រហែលជាមានចម្លើយហើយ សម្រាប់ម៉ូដេលថ្មី Samsung W20 5G មួយនេះ។ក្នុងនោះផងដែរព័ត៌មានជាច្រើន ក៏ត្រូវបានចេញផ្សាយដោយវេបសាយចិនដ៏ល្បីមួយ ដែលមានឈ្មោះថា TENAA ផងដែរ កាលពីដើមសប្តាហ៍កន្លងមក។
តាមតារាងម៉ូដេលបានបញ្ជាក់ថា វាគឺជាការរចនាថ្មីពីម៉ូដែលអាចកាច់បានរបស់ Samsung គឺ Galaxy Fold។ទោះបីជាព័ត៌មានមួយចំនួន ត្រូវបានសរសេរនៅក្នុង TENNA ជាភាសាចិនទាំងអស់ក្តី ប៉ុន្តែការបកប្រែគេជឿជាក់បានថា W20 5G នឹងបង្ហាញខ្លួនជាមួយនឹងបន្ទះឈីប Snapdragon 855 ដែលមានល្បឿនទៅដល់ 2.84Ghz ឬអាចនឹងប្រើប្រាស់បន្ទះឈីប Snapdragon 855 Plus ជំនួសវិញ ដែលមានល្បឿន 2.96Ghz។បន្ទះឈីបទាំងនេះមានន័យថាម៉ូដែលកាច់បាន W 20 5G នេះ គឺមានសមត្ថភាពខ្លាំងក្លាជាងម៉ូដេលកាច់បាន Galaxy Fold និងម៉ូដេល 5G ណាណាទាំងអស់របស់ Samsung នាពេលបច្ចុប្បន្ន៕
ប្រែសម្រួល:Lee