អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android កំពុងត្រូវបានប្រឈមបញ្ហាជាមួយនឹងមេរោគម្យ៉ាង ដែលអាចតំឡើងដោយខ្លួនឯងបន្ទាប់ពីអ្នកលុបវា។ ក្រុមអ្នកស្រាវជ្រាវមកពីក្រុមហ៊ុន Symantec បានព្រមានថាកម្មវិធីដែលមានឈ្មោះថា Xhelper បានឆ្លងចូលឧបករណ៍ជាង ៤៥.០០០ រួចទៅហើយក្នុងរយៈពេលតែ ៦ ខែហើយកំពុងបន្តរីករាលដាលបន្តទៀត។ អ្វីដែលគួរឲ្យព្រួយបារម្ភនោះគឺ មិនទាន់ដឹងថាមេរោគនោះមកពីណា ហើយឆ្លងចូលស្មាតហ្វូនដោយរបៀបណា។ ក្រុមអ្នកស្រាវជ្រាវ Symantec ឈ្មោះ May Ying Tee និង Tommy Dong បានសរសេរថា «យើងបានពិនិត្យនៅលើ Google Play Store រួចហើយគឺវាមានសុវត្ថិភាព ហើយមេរោគ Xhelper នេះអាចនឹងទាញយកដោយអ្នកប្រើប្រាស់ផ្ទាល់ពីប្រភពខាងក្រៅដែលយើងមិនស្គាល់» មេរោគប្រភេទនេះអាចធ្វើឲ្យស្មាតហ្វូនរបស់លោកអ្នក បិទបើកដោយខ្លួនឯង (rebooted) និងលុប ឬតំឡើងកម្មវិធីដោយខ្លួនឯង។
កម្មវិធីមួយចំនួនដែលអ្នកប្រើប្រាស់បានទាញយក គឺមានបន្ថែមកជាមួយកម្មវិធីមេរោគ ដែលអាចរំខានដល់ការប្រើប្រាស់ ដូចជាមានផ្ទាំងផ្សាយពាណិជ្ជកម្មផ្សេងៗជាដើម។
អ្នកជំនាញបានផ្តល់ដំបូន្មានថាអ្នកប្រើប្រាស់ត្រូវប្រុងប្រយ័ត្នជាមុនដើម្បីការពារស្មាតហ្វូនរបស់លោកអ្នក ដូចជា៖
-ធ្វើឱ្យកម្មវិធីរបស់អ្នកទាន់សម័យ (Keep your software up to date)
-កុំទាញយកកម្មវិធីពីគេហទំព័រដែលមិនធ្លាប់ស្គាល់
-ដំឡើងតែកម្មវិធីពីប្រភពដែលទុកចិត្តប៉ុណ្ណោះ
-យកចិត្តទុកដាក់ចំពោះសិទ្ធិដែលស្នើសុំដោយកម្មវិធី
-ដំឡើងកម្មវិធីសុវត្ថិភាពទូរស័ព្ទចល័តដែលសមស្របដើម្បីការពារឧបករណ៍និងទិន្នន័យរបស់អ្នក
-ធ្វើការបម្រុងទុកទិន្នន័យសំខាន់ៗ (Make frequent backups of important data)៕