ភ្នំពេញ៖ លោក សែមស័ក្ត វិសាល ចាហ្វាងផលិតកម្ម Wonderfilm បានលើកឡើងថា ការថតចម្លងភាពយន្តពីគេទាំងដុល វានឹងធ្វើឲ្យយើង ច្របូលច្របល់នូវវប្បធម៌ និងទទួលពាក្យរិះគន់ថាក្នុងប្រទេសកម្ពុជាគ្មានផលិតករ ដែលមានសមត្ថភាពក្នុងការផលិតភាពយន្ត។
លោក លោក សែមស័ក្ត វិសាល បានលើកឡើងថា ការថតទម្រង់យកតាមរឿងភាគថៃ នៅស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៥ វាជាក្តីកង្វល់តាំងពី ២ឆ្នាំមុន ដោយមានការជជែកគ្នា ពីបញ្ហាហ្នឹងច្រើនដែរ ប៉ុន្តែ ការជជែកនេះមិនត្រូវដាច់ស្រេចនោះទេ ដោយសារតែវាខុសដែនសមត្ថកិច្ច ក្នុងការទទួលខុសត្រូវ ។
លោកថា ពិបាកបន្ទោសទៅខាងភាគីថៃ ដែលគេស្រែកទាមទារនូវកម្មសិទ្ធបញ្ហារបស់គេ ហើយខាងស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៥ទៀតសោត ក៏មិនបានប្រកាសឲ្យទូលាយ ពីលិខិតអនុញ្ញាតិ ឲ្យចម្លងថតរឿងភាគនេះ ១០០ ភាគរយនោះទេ ។
លោកថា ជាសំនួរច្បាស់ណាស់ គេហ្នឹងសួរថា តើការផលិតហ្នឹងចម្លងនេះ មានការស្នើសុំទិញកម្មសិទ្ធបញ្ហាត្រឹមត្រូវ ពីប្រភពដើមឬអត់ ? ហើយនេះជាសំនួររបស់ប្រជាជនខ្មែរ ជាសំនួរយើងចង់បាននៅពេលហ្នឹងអ៊ីចឹង។
លោកបន្តថា សំនួរនេះ មិនគួរសួរតែម្តង បើនិយាយពីផ្លូវច្បាប់ ធម្មតានៅក្នុងប្រទេសមួយវិស័យមួយដែលទន់ខ្សោយ មានរឿងជាច្រើនយើងមិនអាច ធ្វើបាន និងអនុញ្ញាតិបាន ក្នុងផ្ទះយើងកំពុងទន់ខ្សោយ តួយ៉ាងយើងនិយាយពីការសុំទិញសិទ្ធ ។ តាមពិតនៅលើពិភពលោក មានការសុំទិញសិទ្ធ មកផលិត ដើម្បីតម្រាប់តាម ដោយសារតែភាពយន្តនោះមានភាពល្បីល្បាញ វាមានសារអប់រំខ្ពស់ Box Office វាខ្ពស់ ចឹងហើយគេទិញសិទ្ធ មកផលិត ។
តួយ៉ាង យើងឃើញការថតចម្លងស្នាដៃទាំងស្រុងនៅស្ថានីយ៍ទូរទស្សន៍ ប៉ុស្តិ៍លេខ ៥ នេះ យើងអត់ដឹងច្បាស់ ដោយសារតែការថតមានលំនាំមួយរយភាគរយ ប៉ុន្តែខ្ញុំបានសួរនាំទៅកាន់មន្ត្រីនាយកដ្ឋានភាពយន្ត ហើយខ្ញុំសួរទៅកាន់អ្នកតំណាង អនុញ្ញាតិសិទ្ធនៃការចេញថតហ្នឹង ដោយគេអះអាងថា ការថតរឿងភាគនៅទូរទស្សន៍ គេមិនទៅសុំសិទ្ធថតនៅនាយកដ្ឋានភាពយន្ត តំណាងឲ្យ ក្រសួងវប្បធម៌ អនុញ្ញាតិច្បាប់ក្នុងការចេញថតនោះទេ ។
ផលិតករខាងលើបានលើកឡើងថា ខាងស្ថាប័នពាក់ព័ន្ធបានលើកហេតុផលថា ទូរទស្សន៍គឺស្ថិតនៅក្រោមស្លាកយីហោរបស់ក្រសួងព័ត៌មាន អ៊ីចឹងទៅ ផលិតករដែលគាត់ចង់ថតរឿងភាគដាក់ទូរទស្សន៍ មិនថាផលិតករខ្មែរ ឬផលិតករថៃ គឺមិនទៅសុំសិទ្ធជាមុន មិនយកអត្ថបទរឿង ទៅឆ្លង កាត់ការពិនិត្យពីមន្ត្រីជំនាញ នៅក្រសួងវប្បធម៌វិចិត្រសិល្បៈទេ ដូច្នេះហើយគេថតយកៗ ដោយខាងក្រសួងវប្បធម៌ និងនាយកដ្ឋានភាពយន្តគេ អត់ដឹង ។
លោកបានបន្តថា ខាងមន្ត្រីជំនាញនៅនាយកដ្ឋានភាពយន្ត ក៏បានបញ្ជាក់ថា រាល់ថ្ងៃគេបានទទួលការឆ្លងអត្ថបទរឿង តែរឿងដែលដាក់ បញ្ជាំងនៅ តាមរោងភាពយន្តប៉ុណ្ណោះ ។
លោក សែមស័ក្ត វិសាល បានបន្តថា បើនិយាយពីផលប៉ះពាល់ ដោយយើងដឹងហើយថា វិសយភាពយន្តក្នុងស្រុកកំពុងស្ថិតក្នុងកម្រិតទាបនៅឡើយ ដូច្នេះហើយ ការប៉ះពាល់ធំបំផុត គឺវាប៉ះពាល់ទៅលើប្រវត្តិសាស្ត្រវប្បធម៌យើងតែម្តង ។ លោកថា វប្បធម៌ និងប្រវត្តិសាស្ត្រយើង ច្រើនណាស់ ផលិតមិនអស់ទេ តែយើងបែរជាមិនផលិតទេ ។ ផលប៉ះពាល់គឺធំធេងមែនទែន ដោយសារតែវាជាទស្សនីយភាព វាជាផលិផលសម្រាប់មើល និងស្តាប់ អ៊ីចឹងយើង យកវប្បធម៌គេមកថតតាមទាំងស្រុង វាជាការសាបព្រោះវប្បធម៌ដទៃ ក្នុងប្រទេសខ្លួនឯងកាន់តែច្រើន ធម្មតាផលិករខ្មែរ មិនមានធនធានច្រើន ដូច ផលិករថៃនោះទេ អ៊ីចឹងហើយឧស្សាហកម្មកម្សាន្តគេមានល្បឿនលឿនជាងយើង គេថតបានច្រើនជាងយើង។
លោកថា ថតតាមគេទាំងស្រុងអ៊ីចឹង វានឹងបន្សល់នូវកេរ្តិ៍ឈ្មោះ អាស្រូវ នៅឆ្នាំក្រោយៗ ២០ឆ្នាំក្រោយ ដោយអាចនឹងរកប្រភពវប្បធម៌ច្បាស់ អត់មាន ហើយផលិតករចាស់ៗអស់ទៅ វាសល់តែស្នាដៃចម្លងក្លែងក្លាយ លើសលប់នៅលើទីផ្សារទស្សនីយភាពនៅក្នុងប្រទេសកម្ពុជា ហើយនឹងធ្វើឲ្យយើងលែងស្គាល់ ថាយើងជានរណា?