NVIDIA បញ្ចេញកាតក្រាហ្វិកថ្មីចំនួន២ ប្រជែងជាមួយ AMD

0

ក្រុមហ៊ុន NVIDIA បានប្រកាសចេញ កាតក្រាហ្វិកថ្មីចំនួន២ សម្រាប់កុំព្យូទ័រក្នុងប្រភេទតម្លៃមធ្យម គឺម៉ូដែល GTX 1660 SUPER និង GTX 1650 SUPER។ កាតទាំងពីរប្រភេទនេះ នឹងប្រគួតប្រជែងជាមួយកាតក្រាហ្វិកស៊េរី RX 5500 របស់ AMD ដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។
GTX 1660 SUPER គឺជាការវិវឌ្ឍន៍របស់ GTX 1660 ដែលត្រូវបានដាក់លក់នៅដើមឆ្នាំនេះ។ GTX 1660 SUPER មាន CUDA ដូចទៅនឹង GTX 1660 ដែរគឺ 1408 ចំណែកល្បឿនវិញក៏មិនខុសគ្នាដែរគឺ 1530MHz។ ក្រុមហ៊ុន NVIDIA បានអះអាងថា GTX 1660 SUPER មានល្បឿនលឿនជាង GTX 1660 រហូតដល់ 20% និង 1.5ដង លឿនជាង GTX 1060 6GB។
រីឯ GTX 1650 SUPER មាន CUDA រហូតដល់ 1280 បើធៀបជាមួយនឹង GTX 1650 ដែលមាន CUDA ត្រឹមតែ 896 ។ ក្រុមហ៊ុនបានបញ្ជាក់ថា កាតក្រាហ្វិកប្រភេទ GTX 1650 SUPER លឿនជាង GTX 1650 ដល់ទៅ 50% បើធៀបជាមួយ GTX 1050 វាលឿនជាងរហូតដល់2ដង។
GTX 1660 SUPER នឹងដាក់លក់ចាប់ពីថ្ងៃនេះ ដែលតម្លៃរបស់វា ចាប់ផ្តើមពី $229 ឡើងទៅ។ ចំណែក GTX 1650 SUPER នឹងចាប់ផ្តើមដាក់លក់លើទីផ្សារចាប់ពីថ្ងៃទី 22 ខែវិច្ឆិកា ឆ្នាំ2019 នេះ ហើយតម្លៃគឺក្រុមហ៊ុនមិនទាន់បានបង្ហាញនៅឡើយទេ៕