Meta ប្រឈម​មុខ​នឹង​ការ​ចោទ​ប្តឹង​ជាថ្មី​មួយទៀត ទាក់ទង​នឹង​ការ

0

បរទេស​៖ មិន​ទាន់​បាន​ទាំង​មួ​យស​ប្តា​ហ៍​បន្ទាប់​ពី​ក្រុមហ៊ុន Tim Hortons បាន​យល់ព្រម​ដោះស្រាយ​បញ្ហា​ពាក្យបណ្ដឹង ក្រោយ​ពី​រង​ការ​ចោទប្រកាន់​ថា ក្រុមហ៊ុន​បាន​ទាញ​យក​ទីតាំង​របស់​អតិថិជន ដោយ​មិន​មានការ​អនុញ្ញាត​ពី​អ្នក​ប្រើប្រាស់​តាម​រយៈ​កម្មវិធី​របស់​ពួក​គេ​ផង​នោះ ក្រុមហ៊ុន Meta ក៏​កំពុង​តែ​ប្រឈម​មុខ​នឹង​ការ​ប្តឹង​ចោទប្រកាន់​ពី​បទ​ប្រមូល​ទិន្នន័យ​សុខភាព​របស់​អ្នកជំងឺ​ដោយ​គ្មាន​ការ​យល់ព្រម​។

នៅ​ក្នុង​ពាក្យបណ្ដឹង​ពីរ​ដែល​បាន​ដាក់​ស្នើ បាន​ចោទប្រកាន់​ក្រុមហ៊ុន និង​មន្ទីរពេទ្យ​ថា បាន​បំពាន​ច្បាប់​ការពារ​ទិន្នន័យ​ឯកជន​ភាព​របស់​រដ្ឋ California និង​ច្បាប់​ផ្សេង​ទៀត​ដោយ​បាន​ប្រមូល​ទិន្នន័យ​អ្នកជំងឺ​ដោយ​គ្មាន​ការ​យល់ព្រម​។ ពួក​គេ​បាន​អះអាង​ថា កម្មវិធី​តាមដាន Pixel របស់​ក្រុមហ៊ុន Meta បាន​ផ្ញើ​ព័ត៌មាន​ទាក់ទង​ទៅ​នឹង ស្ថានភាព​សុខភាព ព័ត៌មាន​លម្អិត​អំពី​ការ​ណាត់ជួប និង​ទិន្នន័យ​ផ្សេង​ទៀត​របស់​អ្នកជំងឺ​ទៅ​ឱ្យ​ហ្វេ​ស​ប៊ុ​ក​។
កាលពី​ខែ​កន្លង​ទៅ​មាន​អ្នកជំងឺ​ម្នាក់​បាន​ប្ដឹង​ក្រុមហ៊ុន Meta ដោយ​ចោទប្រកាន់​ថា ក្រុមហ៊ុន​បាន​ប្រមូល​ទិន្នន័យ​ពី​មន្ទី​ពេទ្យ​សាកលវិទ្យាល័យ California ក្រុង San Francisco ដែល​មាននៅ​ក្នុង​ប្រព័ន្ធ​ផ្ទុក​ទិន្នន័យ​របស់​កម្មវិធី Dignity Health ហើយ​បន្ទាប់​មក​ពួក​គេ​បាន​ប្រើ​ទិន្នន័យ​ទាំងនោះ​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ទាក់ទង​នឹង​បញ្ហា​បេះដូង និង​ជង្គង់​។

នៅ​ក្នុង​ពាក្យបណ្ដឹង​ថែម​ទាំង​បាន​ចោទប្រកាន់​ក្រុមហ៊ុន Meta ថា ជា​គោលការណ៍​ក្រុមហ៊ុន​ដែល​មាន​ប្រើ​កម្មវិធី Pixel ត្រូវ​តែ​មានការ​យល់ព្រម​ពី​អ្នកជំងឺ មុន​និង​អាច​បញ្ជូន​ទិន្នន័យ​ទៅ​ហ្វេ​ស​ប៊ុ​ក ប៉ុន្តែ Meta មិន​បាន​ព្យាយាម​អនុវត្ត​តាម​គោលការណ៍​របស់​ខ្លួន​នោះ​ទេ បើ​ទោះបីជា​ពួក​គេ​បានដឹង​ពី​ការ​បញ្ជូន​ទិន្នន័យ​ទាំងនោះ​ក៏​ដោយ​៕

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា