ប្រទេស​មួយ​នេះ សម្រេច​បញ្ឈប់​ការ​ប្រើប្រាស់ Chromebooks និង Google Workspace នៅ​ក្នុង​សាលារៀន ដោយសារ​ហានិភ័យ​នៃ​ការ​ផ្ទេរ​ទិន្នន័យ

0

បរទេស​៖ ប្រទេស​ដា​ណឺ​ម៉ាក​បាន​ហាមឃាត់​ការ​ប្រើប្រាស់​សេវាកម្ម​របស់ Google នៅ​ក្នុង​សាលារៀន​ជា​ផ្លូវការ បន្ទាប់​ពី​មន្ត្រី​នៅ​ក្នុង​ក្រុង Helsingør បាន​បញ្ចប់​ការ​វាយតម្លៃ ទាក់ទង​ទៅ​នឹង​ហានិភ័យ​ក្នុង​ការ​ផ្ទេរ និង​រក្សា​ទុក​ទិន្នន័យ​ផ្ទាល់ខ្លួន​ជាមួយ​ក្រុមហ៊ុន Google​។

នៅ​ក្នុង​ការ​វាយតម្លៃ​ជា​ផ្លូវការ ដែល​បាន​ចេញផ្សាយ​កាលពី​ស​ប្តា​ហ៍​មុន ទីភ្នាក់ងារ​ការពារ​ទិន្នន័យ​របស់​ប្រទេស​ដា​ណឺ​ម៉ាក Datatilsynet បាន​បង្ហាញ​ថា ការ​ដំណើរការ​ទិន្នន័យ​ដែល​ពាក់ព័ន្ធ​នឹង​សិស្ស ដែល​ប្រើប្រាស់​កម្មវិធី Workspace ជាមួយ​ប្រព័ន្ធ Google cloud ដែល​រួម​មាន Gmail, Google Docs, Calendar និង Google Drive មិន​បាន​បំពេញ​តាម​តម្រូវការ​នៃ បទ​ប្បញ្ញត្តិ​ទាក់ទង​ទៅ​នឹង​ទិន្នន័យ​ឯកជន​ភាព GDPR របស់​សហភាព​អឺរ៉ុប​។

អាជ្ញាធរ​បាន​បញ្ជាក់​ផង​ដែរ​ថា ពួក​គេ​បាន​រក​ឃើញ​នៅ​ក្នុង​កិច្ចព្រមព្រៀង​ដំណើរការ​ទិន្នន័យ ឬ​លក្ខខណ្ឌ​របស់ Google ដែល​អាច​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ផ្ទេរ​ទិន្នន័យ​ទៅ​ប្រទេស​ផ្សេង​ទៀត​ដើម្បី​ផ្ដល់​សេវាកម្ម​មួយ​ចំនួន បើ​ទោះបីជា​ទិន្នន័យ​ត្រូវ​បាន​រក្សា​ទុកជា​ធម្មតា​នៅ​ក្នុង​មជ្ឈមណ្ឌល​ទិន្នន័យ EU របស់ Google ក៏​ដោយ​។ បច្ចុប្បន្ន​ការ​ហាមឃាត់​នេះ​គឺ​សម្រាប់​តែ​សាលារៀន​នៅ​ក្នុង​ក្រុង Helsingør ប៉ុន្តែ​អាជ្ញាធរ​អាច​នឹង​ធ្វើការ​ហាមឃាត់​បន្ថែម​នៅ​ក្នុង​ទីក្រុង​ផ្សេង​ៗ​ទៀត​ក្នុង​ពេល​អនាគត​។

ទាក់ទង​ទៅ​នឹង​ភាព​ចម្រូងចម្រាស់​ក្នុង​ការ​រក្សា​ទុក​ទិន្នន័យ​ឌី​ជី​ថ​ល​នេះ គឺ​ដោយសារ​តែ​សហរដ្ឋអាមេរិក​មានការ​អនុគ្រោះ​ច្រើន​នៅ​ក្នុង​ច្បាប់​ឃ្លាំមើល នៅ​ពេល​ដែល​សហភាព​អឺរ៉ុប​បាន​ផ្ដល់​សិទ្ធិ​ដល់​ពលរដ្ឋ​របស់​ពួក​គេ​ទាក់ទង​ទៅ​នឹង​ការ​ការពារ​ទិន្នន័យ​ឯកជន​ភាព ដូចដែល​មាន​ចែង​ក្នុង​ច្បាប់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​សហភាព​អឺរ៉ុប​៕

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា