WhatsApp បន្ថែម​មុខងារ​លុប​សារ​ដោយ​ស្វ័យប្រវត្តិ

0

បរទេស​៖ កាលពី​ឆ្នាំ​កន្លង​ទៅ WhatsApp បាន​ដាក់​ឱ្យ​ប្រើប្រាស់​មុខងារ​លុប​សារ​ដោយ​ស្វ័យប្រវត្តិ ដែល​លុប​សារ រូបថត និង​វី​ដេ​អូ បន្ទាប់​ពី​រយៈពេល ៧​ថ្ងៃ​។ មុខងារ​នេះ​អាច​បើក​ប្រើ​បាន​ជាមួយនឹង​ការ​ផ្ញើ​សារ​ដោយ​ផ្ទាល់ ឬ​ដោយ​សមាជិក​ដែល​មាន​សិទ្ធិ​ជា​អ្នកគ្រប់គ្រង​សម្រាប់​ការ​ផ្ញើ​សារ​ជា​ក្រុម ប៉ុន្តែ​កាលពី​ម្សិលមិញ​នេះ WhatsApp បាន​ធ្វើការ​ផ្សព្វផ្សាយ​ថា នឹង​បន្ថែម​ជម្រើស​ថ្មី​ៗ​មួយ​ចំនួន​ជាមួយនឹង​មុខងារ​នេះ​ដើម្បី​ឱ្យ​ការ​ប្រើប្រាស់​កាន់តែ​មាន​ភាព​ងាយស្រួល​។

ជាមួយនឹង​ការ​ផ្លាស់​ប្ដូរ​នេះ មុខងារ​នេះ​អាច​បើក​ប្រើ​បាន​សម្រាប់​សារ​ទាំងអស់​ដែល​មាននៅ​ក្នុង​គណនី ជាង​នេះ​ទៅ​ទៀត​អ្នក​ប្រើប្រាស់​អាច​កំណត់​រយៈពេល ២៤​ម៉ោង​និង ៩០​ថ្ងៃ បន្ថែម​ទៅ​លើ​រយៈពេល ៧​ថ្ងៃ​ដែល​ធ្លាប់​មាន​ពី​មុន​មក​។ ដើម្បី​បើក​ប្រើ​មុខងារ លោក​អ្នក​អាច​ចូល​ទៅ​ក្នុង WhatsApp Settings -> Account -> Privacy -> Default message timer ហើយ​កម្មវិធី​នឹង​បង្ហាញ​សារ​មួយ​ដើម្បី​បញ្ជាក់​ដល់​អ្នក​ប្រើប្រាស់​ថា​ពួក​គេ​បាន​បើក​ប្រើ​មុខងារ​នេះ​។

ការ​ប្រើប្រាស់​មុខងារ​លុប​សារ​ចោល​ដោយ​ស្វ័យប្រវត្តិ​គឺជា​ទម្លាប់​មួយ​ដ៏​ល្អ​នៅ​ក្នុង​សម័យ​បច្ចេកវិទ្យា ដោយសារ​តែ​ទិន្នន័យ​ភាគច្រើន​ត្រូវ​បាន​រក្សា​ទុក​ដោយ​មិន​មានការ​កំណត់ ម្យ៉ាងវិញទៀត​ការ​លុប​ចោល​សារ​ទាំងនោះ​ក៏​អាច​ជួយ​កាត់​បន្ថយ​ការ​ផ្ទុក​ទិន្នន័យ​នៅ​ក្នុង​ទូរ​សព្ទ​របស់​លោក​អ្នកផង​ដែរ​៕

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department