អ្នក​ដែល​មានកម្ម​វិធី​មួយ​នេះ​ក្នុង​ទូរស័ព្ទ​សូម​ប្រយ័ត្ន​! ព្រោះ​ក្រុមហ៊ុន​កំពុង​យក​ទិ​ន្និ​ន័យ​ទីតាំង​ជាក់លាក់​របស់​អ្នក​ដាក់​លក់​ហើយ

0

បរទេស​៖ Life360 គឺជា​កម្មវិធី​តាមដាន​ដែល​អាច​ដំឡើង​បាន​នៅ​លើ​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន ដែល​មាន​ប្រព័ន្ធ​ប្រតិបត្តិការ iPhone និង Android ហើយ​ដែល​អ្នក​ប្រើប្រាស់​រាប់​លាន​នាក់​ចូល​ចិត្ត​ប្រើ​ដើម្បី​អាច​ឱ្យ​សមាជិកគ្រួសារ​ដឹង​ពី​ទីតាំង​របស់​ពួក​គេ​ទៅ​វិញ​ទៅ​មក​។

កម្មវិធី Life360 ដែល​មាន​អ្នក​ប្រើប្រាស់​ចំនួន​ប្រមាណ ៣៣​លាន​នាក់​ទូ​ទាំង​ពិភពលោក​ត្រូវ​បាន​រក​ឃើញ​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា បាន​លក់​ទិន្នន័យ​ទីតាំង​ជាក់លាក់​របស់​អ្នក​ប្រើប្រាស់​ដែល​រាប់​បញ្ចូល​ទាំង​ទិន្នន័យ​ទីតាំង​របស់​កុមារ​ផង​នោះ​ទៅ​ឱ្យ​ក្រុមហ៊ុន​ប្រមូល​និង​ចងក្រង​ទិន្នន័យ​ទីតាំង ដែល​បន្ទាប់​មក​ពួក​គេ​បាន​លក់​ទិន្នន័យ​ទាំងនោះ​ទៅ​ឱ្យ​ក្រុមហ៊ុន​ជា​ច្រើន​ទៀត​។ ទោះបីជា លក្ខខណ្ឌ​ក្នុង​ការ​ប្រើប្រាស់​របស់​កម្មវិធី Life360 បញ្ជាក់​ថា “​ទិន្នន័យ​ឯកជន​ភាព​របស់​អ្នក​ប្រើប្រាស់​នឹង​ត្រូវ​បាន​លក់​” ប៉ុន្តែ​អ្នក​ប្រើប្រាស់​ភាគច្រើន​ប្រហែលជា​មិន​បាន​អាន​អំពី​លក្ខខណ្ឌ ឬ​មិន​បានដឹង​អំពី​របៀប​ដែល​ទិន្នន័យ​ត្រូវ​បាន​ចែកចាយ​បន្ទាប់​ពី​វា​ផ្តល់​ឱ្យទៅ​ឈ្មួញកណ្តាល​។

អតីត​បុគ្គលិក Life360 ពីរ​នាក់​បាន​និយាយ​ថា Life360 គឺជា​ប្រភព​ទិន្នន័យ​ដ៏​ធំ​បំផុត​មួយ​នៅ​ក្នុង​ការ​លក់​ទិញ​ទិន្នន័យ​ទីតាំង ហើយ​ពួក​គេ​បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ចំពោះ​របៀប​ដែល​ទិន្នន័យ​ត្រូវ​បាន​ប្រើប្រាស់ និង​កង្វះខាត​ក្នុង​ការ​ការពារ​ទិន្នន័យ​កុំឱ្យ​ធ្លាក់​ទៅ​លើ​ដៃ​ជនខិលខូច​។ ជាង​នេះ​ទៅ​ទៀត​ពួក​គេ​ក៏​បាន​អះអាង​ផង​ដែរ​ថា Life360 មិន​មានការ​ប្រុង​ប្រយ័ត្ន​ដើម្បី​ធានា​ថា ប្រវត្តិ​ទីតាំង​មិន​អាច​ត្រូវ​បាន​គេ​តាមដាន​ត្រឡប់​ទៅ​បុគ្គល​ដើម​វិញ​នោះ​ទេ​។

ដើម្បី​សុវត្ថិភាព​ក្នុង​ការ​ប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា អ្នក​ប្រើប្រាស់​គួរតែ​ចៀសវាង​បញ្ចូល​កម្មវិធី​ដែល​មិន​ត្រូវការ​ចាំបាច់ ជា​ពិសេស​កម្មវិធី​ណា​ដែល​ទាមទារ​ឱ្យ​មានការ​ឯកភាព​ជាមួយនឹង​ការ​តាមដាន​ទីតាំង​នោះ​។ ជា​ឧទាហរណ៍ ក្នុង​ការ​ប្រើប្រាស់​កម្មវិធី​នេះ​លោក​អ្នក​អាច​ដឹង​ពី​កន្លែង​ដែល​សមាជិក​ក្រុម​គ្រួសារ​របស់​អ្នក​នៅ ប៉ុន្តែ​អ្នក​ដែល​បាន​ទិញ​ព័ត៌មាន ក៏​អាច​ដឹង​ពី​ទីតាំង​ទាំងនោះ​បាន​ដែរ​៕

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា