ក្រុមហ៊ុន GoDaddy ប្រកាស​អំពី​ការ​ជ្រៀតចូល​ដែល​ប៉ះពាល់​ដល់​សេវាកម្ម WordPress

0

បរទេស៖ កាលពី​ម្សិលមិញ​នេះ ក្រុមហ៊ុន GoDaddy បាន​ប្រកាស​អំពី​ការ​ជ្រៀតចូល​ទៅ​ក្នុង​ប្រព័ន្ធ​ផ្ទុក​ទិន្នន័យ​របស់​សេវាកម្ម WordPress កាលពី​ខែកញ្ញា​ដោយ​ប្រើ​លេខ​សម្ងាត់​ដែល​បាន​បែកធ្លាយ​។ នៅ​ក្នុង​ការ​វាយប្រហារ​នេះ ក្រុម​ជនខិលខូច​បាន​លួច​ទាញ​យក​គណនី​អុ​ី​មែ​ល និង​លេខ​សម្គាល់​អតិថិជន​ចំនួន​ប្រមាណ ១,២ លាន​នាក់ ដែល​ពួក​គេ​អាច​ប្រើ​អុ​ី​មែ​ល​ទាំងនោះ​ដើម្បី​ធ្វើការ​បោក​បញ្ឆោត​ជន​រង​គ្រោះ​នៅ​ពេល​ក្រោយ​បាន​។ ជាង​នេះ​ទៅ​ទៀត​ឈ្មោះ​សម្គាល់​គណនី និង​លេខ​សម្ងាត់ សម្រាប់​ចូល​ទៅ​ក្នុង​ប្រព័ន្ធ sFTP និង​ផ្ទុក​ទិន្នន័យ​ជា​ច្រើន​ក៏​ត្រូវ​បាន​បែកធ្លាយ ប៉ុន្តែ​បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​ធ្វើការ​ផ្លាស់​ប្ដូរ​លេខ​សម្ងាត់​ទាំងនោះ​ហើយ​។

នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​ដែល​ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់​ជា​ច្រើន​ត្រូវ​បាន​បែកធ្លាយ​ដោយសារ​តែ​បញ្ហា​សុវត្ថិភាព​របស់​ក្រុមហ៊ុន GoDaddy ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។ នៅ​ឆ្នាំ ២០១៨ ភាព​ចន្លោះ​ប្រហោង​នៅ​ក្នុង​ប្រព័ន្ធ AWS បាន​ធ្វើ​ឱ្យ​ទិន្នន័យ​នៅ​លើ​ម៉ាស៊ីន​មេ GoDaddy ត្រូវ​បាន​បែកធ្លាយ ហើយ​នៅ​ឆ្នាំ​២០២០ គណនី​អ្នក​ប្រើប្រាស់​ចំនួន ២៧ ០០០ ត្រូវ​បាន​ជ្រៀតចូល​ដោយ​គ្មាន​ការ​អនុញ្ញាត​។

ដើម្បី​ចៀសវាង​ពី​ការ​ជ្រៀតចូល នាយកដ្ឋាន​សូម​ធ្វើការ​ក្រើន​រំ​ឮ​ក​ជា​ថ្មី​ឱ្យ​អ្នក​ប្រើប្រាស់​ប្រើ​លេខ​សម្ងាត់​ដែល​ពិបាក​នឹង​ស្មាន ហើយ​ម្យ៉ាងវិញទៀត​លោក​អ្នក​ត្រូវ​តែ​ចៀសវាង​ប្រើ​លេខ​សម្ងាត់​ដូច​ៗ​គ្នា​ពី​គណនី​មួយ​ទៅ​គណនី​មួយទៀត ព្រោះ​នេះ​អាច​ឱ្យ​ជនខិលខូច​ចូល​ទៅ​ក្នុង​គណនី​ទាំងអស់​របស់​លោក​អ្នក​បាន​ក្នុង​ករណី​ដែល​លេខ​សម្ងាត់​របស់​គណនី​ណាមួយ​ត្រូវ​បាន​បែកធ្លាយ​៕

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា