WhatsApp រងការផាកពិន័យ ២៦៦លានដុល្លារ នៅសហភាពអឺរ៉ុប

0

ក្រោយពីធ្វើការស៊ើបអង្កេត អស់រយៈពេល ២ឆ្នាំ ប្រទេសអៀរឡង់បានធ្វើការ ផាកពិន័យក្រុមហ៊ុន WhatsApp ២៦៦លានដុល្លារសហរដ្ឋអាមេរិក ទាក់ទងទៅនឹងការប្រព្រឹត្តល្មើស នឹងច្បាប់ការពារទិន្នន័យឯកជនភាព (GDPR law)។ នេះជាការផាកពិន័យ ដ៏ធំបំផុតទាក់ទងទៅ នឹងការរំលោភបំពានទៅលើច្បាប់ GDPR ដែលមានចំនួនទឹកប្រាក់ ដល់ទៅបួនដងច្រើនជាងទឹកប្រាក់ ដែលអាជ្ញាធរបានស្នើសុំ។

ប្រទេសអៀរឡង់បាន ចោទប្រកាន់ក្រុមហ៊ុនថា បានចែករំលែកព័ត៌មានរបស់ អ្នកប្រើប្រាស់ជាមួយនឹងក្រុមហ៊ុនហ្វេសប៊ុក ដោយពុំបានជូនដំណឹង ដល់អ្នកប្រើប្រាស់ឱ្យបានត្រឹមត្រូវ។

គួរបញ្ជាក់ផងដែរថា ទាំងអាជ្ញាធរ និងអ្នកប្រើប្រាស់ជុំវិញពិភពលោក មានការព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីក្រុមហ៊ុន WhatsApp បានប្រកាសដាក់ចេញនូវ លក្ខខណ្ឌថ្មីកាលពីដើមឆ្នាំនេះ ដែលទាមទារឱ្យអ្នកប្រើប្រាស់ ទាំងអស់ត្រូវតែយល់ព្រម ចែករំលែកទិន្នន័យឯកជនភាពរបស់ពួកគេ មានដូចជា ឈ្មោះ លេខទូរសព្ទ បញ្ជីអាសយដ្ឋាន លេខសំគាល់អាសយដ្ឋានទីតាំង (IP address) និងទិន្នន័យរបស់អ្នកប្រើប្រាស់ មួយចំនួនទៀតជាមួយក្រុមហ៊ុនហ្វេសប៊ុក ដែលធ្វើឱ្យអ្នកប្រើប្រាស់ជាច្រើន បានងាកមកប្រើកម្មវិធីទំនាក់ទំនង សង្គមផ្សេងៗទៀតមានដូចជា Telegram និង Signal ជាដើម ៕