ភ្នំពេញ៖ នារីវ័យក្មេងចំនួន ៣នាក់បានពុលស្រាស្លាប់ នៅក្នុងបន្ទប់ជួល ២នាក់ និងម្នាក់ទៀតស្លាប់នៅស្រុក បានបង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង ដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្បែរនឹងទីតាំងកើតហេតុ។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល ជាខ្លាំងកាលពីវេលាម៉ោង ១និង៤០នាទីរសៀល ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ដែលស្ថិតនៅត្រង់ចំណុចផ្ទះជួលលេខ២៧ ក្រុម៤៤ ភូមិ៨ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពី ម្ដាយមីង បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុនៅវេលាម៉ោង ៨ទៅម៉ោង ៩ព្រឹក ថ្ងៃទី០២ ខែកញ្ញា មានមិត្តភ័ក្ត្ររបស់នារីរងគ្រោះ បានទូរស័ព្ទ មកប្រាប់ម្ដាយមីងថា ក្មួយស្រីរបស់ខ្លួន បានពុលស្រាស្លាប់បាត់ទៅហើយ។ ក្រោយពីទទួលបានដំណឹងនេះភ្លាម ម្ដាយមីងបានធ្វើដំណើរឡើង ពីខេត្តព្រៃវែង មកកាន់កន្លែងកើតហេតុ ដោយក្នុងនោះបានប្រាប់កូនៗ របស់គាត់ដែលរស់នៅភ្នំពេញ ឲ្យជួនទៅមើលទីតាំងខាងលើ។
ខណៈពេលនោះ ស្រាប់តែឃើញក្មួយស្រី របស់គាត់ម្នាក់ដេកស្លាប់នៅលើពួក ជាមួយមិត្តភ័ក្ត្ររបស់ខ្លួន រួចក៏បានបង្កការភ្ញាក់ផ្អើលជាខ្លាំង ដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងកើតហេតុ និងបានរាយការណ៍ ទៅសមត្ថកិច្ចប៉ុស្តិ៍ ចុះមកធ្វើការពិនិត្យមើល។
ក្រោយពីសមត្ថកិច្ចប៉ុស្តិ៍ បានទទួលដំណឹងនេះរួចមក ក៏បានចុះមកដល់ទីតាំងកើតហេតុ និងបានហ៊ុព័ន្ធ ខ្សែនៅជុំវិញទីតាំង ខាងលើ ដោយមិនអនុញ្ញាតិឲ្យ មានបងប្អូនណាចេញចូលទីតាំងនោះឡើយ។
ដោយក្នុងនោះ សមត្ថកិច្ចប៉ុស្តិ៍បានរាយការណ៍ ទៅសមត្ថកិច្ចជំនាញខណ្ឌ និងសមត្ថកិច្ចជំនាញកោសលវិច័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចុះមកធ្វើការត្រួតពិនិត្យ មើលនៅជុំវិញទីតាំងខាងលើ។
ជាក់ស្តែង នៅពេលសមត្ថកិច្ចជំនាញ កោសលវិច័យចុះមក ក៏រង់ចាំក្រុមគ្រូពេទ្យ ដើម្បីធ្វើតេរកសំណាកជាមុនសិន មុននឹងធ្វើការត្រួតពិនិត្យសពនារីរងគ្រោះទាំង ២នាក់ខាងលើនេះ។
ក្រោយពីធ្វើតេស្ដ រកសំណាករួចមក នារីវ័យក្មេងទាំង ២នាក់ អវិជ្ជមាន កូវិត-១៩ ហើយក្នុងនោះ សមត្ថកិច្ចជំនាញផ្នែក កោសលវិច័យបានបញ្ជាក់ផងដែរថា នារីវ័យក្មេងចំនួន ២នាក់ខាងលើ ពិតជាបានពុលស្រា ពិតប្រាកដមែន។
ចំណែកឯសពរបស់នារីវ័យក្មេងទាំង ២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុ ប្រគល់ជូនទៅក្រុមគ្រួសារយកទៅធ្វើ បុណ្យតាមប្រពៃណីនៅឯស្រុកកំណើតរៀងរាល់ៗខ្លួន ផងដែរ៕