នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កាលពីពេលថ្មីៗនេះក្រុមហ៊ុន GitHub បានធ្វើការក្រើនរំឮកជាថ្មី ឱ្យអ្នកប្រើប្រាស់បើកប្រើប្រព័ន្ធ two-factor authentication (2FA) ដើម្បីការពារគណនីពីការជ្រៀតចូល ពីជនខិលខូចមានដូចជា ការជ្រៀតចូលតាមរយៈ phishing ជាដើម។
នៅក្នុងការប្រកាសនេះ ក្រុមហ៊ុនក៏បានធ្វើការណែនាំ ឱ្យប្រើកូនសោសុវត្ថិភាព (physical security keys), ប្រព័ន្ធសុវត្ថិភាពដែលមាន ជាមួយនឹងទូរសព្ទ ឬកម្មវិធីដែលអាចផ្ដល់ One-Time Password (OTP) ដើម្បីការពារគណនីរបស់ពួកគេ។ អ្នកប្រើប្រាស់គួរតែជៀសវាង ប្រើទូរសព្ទដើម្បីទទួលបានលេខកូដ OTP តាមរយៈសារ ព្រោះជនខិលខូចអាចប្រើបបច្ចេកវិទ្យា ឬល្បិចផ្សេងៗ ដើម្បីទាញយកសារទាំងនោះបាន។
គួរបញ្ជាក់ផងដែរថា កាលពីខែវិច្ឆិកាឆ្នាំ២០២០ ក្រុមហ៊ុន GitHub បានចាប់ផ្ដើមឈប់ប្រើ លេខសម្ងាត់ធម្មតាដើម្បីបញ្ជាក់ អត្តសញ្ញាណរបស់អ្នកប្រើប្រាស់ ជាមួយនឹងមុខងារមួយចំនួន ហើយក្រុមហ៊ុនបានងាកមកប្រើ SSH key ឬ token-based ជំនួសវិញ៕