លោក សុខ ទូច៖ កម្ពុជាត្រូវប្រកាន់យកនយោបាយទឹក នៅចំពោះមុខការប្រកួតប្រជែង រវាងមហាអំណាច

0

ភ្នំពេញ៖ «កម្ពុជាត្រូវតែប្រកាន់នយោបាយទឹក» នេះជាប្រសាសន៍របស់ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងក្នុងឱកាសអញ្ជើញជា វាគ្មិននៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «កម្ពុជានៅចន្លោះមហាអំណាចចិន និងសហរដ្ឋអាម៉េរិក» ដែលរៀបចំឡើងដោយ រាជបណ្ឌិត្យសភាកម្ពុជា និងប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ ។

ដោយអនុលោមតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងការប្រកាសជំហរនយោបាយ ការបរទេសតាមបែបចម្រុះពណ៌ រាជរដ្ឋាភិបាលកម្ពុជាជានិច្ចកាល តែងតែបានអះអាងអំពី ការប្ដេជ្ញាចិត្តរបស់ខ្លួន ក្នុងការរក្សាទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការល្អ ជាមួយនឹងបណ្ដាប្រទេសនានា លើសាកលលោក។ ទោះជាយ៉ាងណា ដោយសារតែហេតុផលប្រយោជន៍ យុទ្ធសាស្ត្រនយោបាយការទូត និងតាក់ទិចនយោបាយតាប៊ីយែររបស់ខ្លួន ប្រទេសមហាអំណាចបានវាយប្រហារ និងចោទប្រកាន់កម្ពុជាថា បានងាករេចេញពីជំហរខាងលើ ហើយបានលម្អៀងទោរទន់ ទៅមហាអំណាចម្ខាងទៀត ហើយថែមទាំងដាក់ការសង្ស័យថា រាជរដ្ឋាភិបាលកម្ពុជាបានបំពាន រដ្ឋធម្មនុញ្ញរបស់ខ្លួនថែមទៀតផង។

បើតាមការគូសបញ្ជាក់ របស់លោកបណ្ឌិតសភាចារ្យ សុខ ទូច នៅចំពោះមុខការប្រកួតប្រជែង និងការប្រឈមគ្នារបស់មហាអំណាច កម្ពុជាត្រូវបន្តនយោបាយ ការបរទេសចម្រុះពណ៌របស់ខ្លួន និងបូកបន្ថែមជាមួយនឹង នយោបាយទឹកទន្លេមេគង្គ ដើម្បីឆ្ពោះទៅកាន់សន្តិភាព និងរក្សាបាននូវ ផលប្រយោជន៍ប្រទេសជាតិ។

លោកបណ្ឌិតសភាចារ្យមានប្រសាសន៍ថា «ខ្មែរ ដើម្បីសន្តិភាព ដើម្បីរកសេចក្ដីសុខជូនប្រជាជន ត្រូវតែចេះប្រើប្រាស់ នយោបាយទឹកទន្លេមេគង្គ គ្មានអ្វីដែលទន់ភ្លន់ជាង នយោបាយទឹកនោះទេ ទោះបីជាជ្រលង បព្វតា វាលរាបយ៉ាងណា ចុងក្រោយទឹកនៅតែហូរធ្លាក់ទៅសមុទ្រ នយោបាយដូចគ្នា ធ្វើយ៉ាងណាក៏ដោយ ដើម្បីផលប្រយោជន៍ជាតិ ដើម្បីគេចផុតពីសង្គ្រាម»។

បន្ថែមពីលើនេះ លោកបណ្ឌិតសភាចារ្យ សុខ ទូច បានលើកឡើងដោយស្នើ សូមឱ្យខ្មែរបញ្ឈប់ចេតនា លាបពណ៌គ្នាទៅវិញទៅមក ដែលមកដល់ពេលនេះ គឺជាពេលដែលខ្មែរទាំងក្នុង និងក្រៅប្រទេសត្រូវធ្វើកិច្ចការងារ រួមគ្នាដើម្បីបុព្វហេតុប្រទេសជាតិ ៕