នាយកដ្ឋានព័ត៌មានវិទ្យា៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ នេះ ក្រុមការងារទទួលបាននូវ សេចក្តីរាយការណ៍ ពីសំណាក់ប្រជាពលរដ្ឋ អំពីករណីទទួលបានសារ (សារ SMS ឬសារកម្មវិធីទំនាក់ទំនងសង្គម) ពីជនអនាមិក ដែលស្នើសុំពួកគេធ្វើការបំពេញ Form ស្ទង់មតិតាមរយៈ Microsoft Forms។
បន្ទាប់ពីការស្រាវជ្រាវ ក្រុមការងារបច្ចេកទេសនៃ នាយកដ្ឋានព័ត៌មានវិទ្យា បានរកឃើញថា ជាករណីវាយប្រហារប្រភេទ Phishing ដែលជនខិលខូចប្រើប្រាស់កម្មវិធី Microsoft Forms បង្កើតនូវទម្រង់ Login នៃកម្មវិធីអ៊ីនធឺណិតផ្សេងៗ ធ្វើជាអន្ទាក់លួចយកព័ត៌មាន គណនីអ៊ីនធឺណិតពីជនរងគ្រោះ តួយ៉ាង៖ លេខសម្ងាត់កម្មវិធី Office 365 គណនីអ៊ីម៉ែល Outlook ឬជាទម្រង់ Forms បញ្ឆោតលួចគណនីកម្មវិធីផ្សេងៗទៀត។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ មេត្តាប្រុងប្រយ័ត្ន ដោយធ្វើការពិនិត្យ ផ្ទៀងផ្ទាត់អំពីប្រភព និងអាសយដ្ឋានគេហទំព័រ (URL) មុននឹងធ្វើការវាយបញ្ចូលឈ្មោះគណនី លេខកូដសម្ងាត់ ឬព័ត៌មានចាំបាច់ផ្សេងៗ ៕