Man Utd យល់ព្រម​ផ្ទេរ​ខ្សែបម្រើ​ម្នាក់ ទៅ​ក្លឹ​ប​មួយ​នៅ​ប្រេ​ស៊ី​ល

0

ក្លិប​បិសាច​ក្រហម Manchester United បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀង​មួយ ជាមួយ​ក្លិប Flamengo សម្រាប់​កីឡាករ Andreas Pereira ដើម្បី​ខ្ចី​ជើង​សម្រាប់​រដូវ​កាល ២០២១-២០២២ ហើយនឹង​ត្រូវ​បាន​គេ​រំពឹង​ថា អាច​ហោះហើរ​ទៅ​កាន់​ប្រទេស​ប្រេ​ស៊ី​ល​នៅ​ចុង​ស​ប្តា​ហ៍​នេះ​។

Goal បាន​ឲ្យ​ដឹង​ថា​កិច្ចព្រមព្រៀង​មួយ​ត្រូវ​បាន​ធ្វើ​ឡើង រវាង​ក្រុម​បិសាច​ក្រហម និង​ក្រុម​ប្រេ​ស៊ី​ល​សម្រាប់​កីឡាករ​វ័យ ២៥ ឆ្នាំ​រូប​នេះ ដោយ​ខ្សែបម្រើ​រូប​នេះ ចង់​ធានា​ពេលវេលា​លេង​បន្ថែម មុន​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​នៅ​ឆ្នាំ​ក្រោយ​។

Pereira បាន​អវត្តមាន​ពី​ការ​ប្រកួត​មិត្តភាព​របស់​ក្រុម Man United ទល់​នឹង Burnley កាលពី​ថ្ងៃ​អង្គារ​នៅ Old Trafford ហើយ​ក្លឹ​ប​បាន​អនុញ្ញាត​ឱ្យ​គាត់​ចាកចេញ​នៅ​រដូវក្តៅ​នេះ​។

Pereira បាន​ចំណាយ​រដូវ​កាល​មុន​ខ្ចី​ជើង​នៅ Lazio ប៉ុន្តែ​ក្រុម​អ៊ី​តា​លី​មិន​ចង់​យក​ជម្រើស ២១ លាន​ផោន (២៩ លាន​ដុល្លារ​) ដើម្បី​ចុះហត្ថលេខា​ជាមួយ​គាត់​ជា​អចិន្ត្រៃយ៍​ទេ ដូច្នេះ​គាត់​បាន​ត្រលប់​ទៅ Manchester វិញ​សម្រាប់​រដូវ​កាល​មុន​។

គួរ​បញ្ជាក់​ថា ខ្សែបម្រើ​ប្រយុទ្ធ​សញ្ជាតិ​ប្រេ​ស៊ី​លវ័យ ២៥​ឆ្នាំ​រូប​នេះ​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ សម្រាប់​ក្រុម​របស់​លោក Ole Gunnar Solskjaer នៅ​ក្នុង​ការ​ប្រកួត​កំ​ដៅ​សាច់ដុំ​របស់​ពួក​គេ និង​បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​បាល់​ល្អ​បំផុត​មួយ នៅ​ក្នុង​អាជីព​របស់​គាត់ ក្នុង​ការ​ប្រកួត​មិត្តភាព​ទល់​នឹង Brentford៕