នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ដើម្បីឱ្យការប្រើប្រាស់ Incognito Tabs ឬ Private Tabs របស់កម្មវិធី Chrome សម្រាប់ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ iOS កាន់តែមានសុវត្ថិភាព ក្រុមហ៊ុន Google បានបន្ថែមមុខងារដែលទាមទារអ្នកប្រើប្រាស់ ឱ្យបញ្ចូលទិន្នន័យជីវមាត្រ (Biometrics) ដើម្បីអាចឱ្យពួកគេចូលទៅ មើលព័ត៌មាននៅក្នុង Incognito Tabs។
ប្រសិនបើលោកអ្នកបានបើកប្រើមុខងារចាក់សោរ Incognito tabs កម្មវិធីនឹងទាមទារឱ្យលោកអ្នក បញ្ចូលទិន្នន័យជីវមាត្រមានដូចជា ក្រយ៉ៅម្រាមដៃ ផ្ទៃមុខ ឬលេខសម្ងាត់ដើម្បីអាចចូលទៅប្រើ Incognito tabs ឡើងវិញបន្ទាប់ពីលោកអ្នកបានបិទ ហើយព្យាយាមបើកកម្មវិធី Chrome វិញនោះ។ ដូច្នេះមុខងារនេះអាចជួយរារាំង មិនឱ្យអ្នកប្រើប្រាស់ដទៃទៀតដែលប្រើទូរសព្ទរបស់លោកអ្នក អាចចូលទៅមើលអ្វីដែល លោកអ្នកបានមើលនៅក្នុង Incognito tabs។
ដើម្បីប្រើមុខងារថ្មីនេះ លោកអ្នកអាចចូលទៅក្នុង Settings របស់កម្មវិធី Chrome > Privacy > Lock Incognito tabs ដើម្បីបើកមុខងារនេះ ៕