តោះ! ស្វែងយល់អំពីបច្ចេកវិទ្យា DNS-over-HTTPS ឬ DoH

0
នាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យាបានឲ្យដឹងថា នៅពេលដែលលោកអ្នកចង់ចូល ទៅក្នុងគេហទំព័រណាមួយនោះ កុំព្យូទ័រត្រូវតែធ្វើការស្វែងរក និងផ្ទៀងផ្ទាត់អាសយដ្ឋាន IP (IP address) ជាមួយនឹងឈ្មោះរបស់គេហទំព័រ (domain name) ដែលលោកអ្នកបានវាយបញ្ចូល។
ដោយសារតែទិន្នន័យដែលបានផ្លាស់ប្ដូរ ក្នុងការផ្ទៀងផ្ទាត់នេះមិនត្រូវបានអុីនគ្រីបនោះ វាអាចឱ្យក្រុមហ៊ុនផ្ដល់សេវាកម្មអុីនធឺណិត (ISP) និងក្រុមហ៊ុនពាក់ព័ន្ធផ្សេងៗទៀត អាចមើលឃើញគេហទំព័រទាំងអស់ ដែលអ្នកប្រើប្រាស់បានចូលទៅមើល។
ដើម្បីជួយការពារទិន្នន័យ ឯកជនភាពរបស់អ្នកប្រើប្រាស់ ក្រុមហ៊ុនបង្កើតកម្មវិធី web browser មួយចំនួនមានដូចជា Mozilla និង Google បានបន្ថែមមុខងារ DoH ដើម្បីអុីនគ្រីបទិន្នន័យ និងធ្វើការផ្ទៀងផ្ទាត់ឈ្មោះ របស់គេហទំព័រទាំងនោះ ជាមួយនឹងសើវើ (server) មួយដែលលោកអ្នកបានជ្រើសរើសយក។
ជាមួយនឹងមុខងារនេះ មានតែក្រុមហ៊ុនដែលផ្ដល់សេវាកម្មសើវើ តែមួយប៉ុណ្ណោះដែលដឹងពីគេហទំព័រដែលអ្នកប្រើប្រាស់បានចូលទៅមើល ដូច្នេះវាមានភាពងាយស្រួលច្រើនជាងមុនក្នុងការគ្រប់គ្រងទិន្នន័យរបស់អ្នកប្រើប្រាស់។
ទោះបីជាមុខងារនេះត្រូវបានបើកឱ្យប្រើ ដោយស្វ័យប្រវត្តិសម្រាប់អ្នកប្រើប្រាស់កម្មវិធី Firefox នៅក្នុងសហរដ្ឋអាមេរិកក្ដី ប៉ុន្តែសម្រាប់ប្រទេសកម្ពុជាយើង ប្រសិនបើលោកអ្នកចង់ប្រើមុខងារនេះ លោកអ្នកអាចបើកវានៅក្នុង Settings របស់កម្មវិធី។ សម្រាប់ការណែនាំលម្អិត លោកអ្នកអាចចូលទៅអានតាមតំណភ្ជាប់ដូចខាងក្រោម៖
គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន Microsoft ក៏បានកំពុងតែសាកល្បងដាក់ឱ្យប្រើមុខងារនេះ នៅក្នុងកម្មវិធីប្រព័ន្ធប្រតិបត្តិការ Windows 11 ដែលនឹងអុីនគ្រីបទិន្នន័យទាំងអស់ ក្នុងពេលផ្ទៀងផ្ទាត់ DNS ដែលមាននៅក្នុងកុំព្យូទ័រ ៕