នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កាលពីម្សិលមិញនេះក្រុមហ៊ុន Apple បានធ្វើបច្ចុប្បន្នភាពកម្មវិធីសម្រាប់ AirTag ដែលអាចជួយកាត់បន្ថយការប្រើប្រាស់ ឧបករណ៍នេះសម្រាប់តាមដានជនណាម្នាក់ ដែលបញ្ហានេះនាយកដ្ឋាន បានផ្សព្វផ្សាយកាលពីដើម ខែឧសភារួចមកហើយ ដើម្បីឱ្យលោកអ្នកមានការប្រុងប្រយ័ត្ន។
សម្រាប់លោកអ្នកដែលពុំទាន់ បានយល់ដឹងអំពីឧបករណ៍នេះ AirTag គឺជាឧបករណ៍សម្រាប់ស្វែងរក វត្ថុដែលលោកអ្នកងាយនឹងបាត់ ឬភ្លេច មានដូចជាកូនសោរ និងកាបូបជាដើម ប៉ុន្តែក្រុមអ្នកស្រាវជ្រាវជាច្រើនបាន បង្ហាញពីការព្រួយបារម្ភ ព្រោះជនខិលខូចក៏អាចប្រើឧបករណ៍នេះ ដើម្បីតាមដានជនណាម្នាក់បានផងដែរ។
ក្នុងការធ្វើបច្ចុប្បន្នភាពនេះ ក្រុមហ៊ុនបានធ្វើការផ្លាស់ប្ដូរការបញ្ចេញ សំឡេងឱ្យមានការប្រុងប្រយ័ត្នបន្ទាប់ពី AirTag មិននៅជិតទូរសព្ទដែលត្រូវបាន កំណត់អស់រយៈពេលបីថ្ងៃ មកនៅត្រឹមតែពី ៨ទៅ ២៤ម៉ោងវិញ។ ជាងនេះទៅទៀតក្រុមហ៊ុនក៏បានប្រកាសថា ពួកគេនឹងដាក់ឱ្យប្រើប្រាស់កម្មវិធី ដែលនឹងធ្វើការក្រើនរំឭក ប្រសិនបើមានឧបករណ៍ AirTag ដែលនៅជិតប៉ុន្តែមិនមែនជារបស់លោកអ្នក សម្រាប់ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android ដែលបច្ចុប្បន្ន កម្មវិធីនេះមានសម្រាប់តែទូរសព្ទ iPhone ដែលមានប្រព័ន្ធប្រតិបត្តិការ iOS ថ្មីបំផុតនោះ។
ទោះបីជាការផ្លាស់ប្ដូរនេះអាចជួយកាត់បន្ថយ ការប្រើប្រាស់ AirTag សម្រាប់ការតាមដានក្ដី ប៉ុន្តែជនខិលខូចអាចនៅតែបន្ត ប្រើឧបករណ៍នេះដើម្បីតាមដានជនណាម្នាក់ ដោយសារតែការកំណត់យករយៈពេលពី ៨ទៅ ២៤ម៉ោង វានៅតែមានរយៈពេលយូរ នៅឡើយសម្រាប់ការតាមដាន។
ដូច្នេះដើម្បីចៀសវាងពីការតាមដានណាមួយនោះ ប្រសិនបើលោកអ្នករកឃើញ AirTag ដែលមិនមែនជារបស់លោកអ្នកនោះ លោកអ្នកគួរតែយកថ្មចេញ ដើម្បីបញ្ឈប់ការតាមដានទាំងស្រុង៕