កូនអត់កំណើត! ខឹងសុំលុយម្ដាយ ១ម៉ឺនរៀល មិនបាន វាយបំផ្លាញទ្រព្យសម្បត្តិ ក្នុងផ្ទះខ្ទេច

0

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំង សមត្ថកិច្ចនគរបាលស្រុកកណ្ដៀង ចាប់ឃាត់ខ្លួនពីបទប្រើអំពើហិង្សា ក្នុងគ្រួសារនិងបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១២និង៣០នាទីនៅចំណុចផ្ទះរបស់ឈ្មោះ យន វន ភេទប្រុស អាយុ៤១ឆ្នាំជនជាតិខ្មែរ រស់នៅភូមិស្វាយចំបក់ ឃុំស្វាយលួង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ត្រូវជាឪពុកជនសង្ស័យ។

យោងតាមរបាយការណ៍របស់អធិការដ្ឋាន នគរបាលស្រុកកណ្តៀងបានឲ្យដឹងថា សមត្ថកិច្ចនគរបាលបានទទួលពាក្យបណ្តឹង ពីជនរងគ្រោះខាងលើដែលបានប្ដឹងឈ្មោះ វ៉េ ឡេង ភេទប្រុស អាយុ២០ឆ្នាំត្រូវជាកូនបង្កើតរបស់ខ្លួន បានប្រើអំពើហិង្សាក្នុងគ្រួសារដែល បានវាយបំផ្លាញពាងទឹកបែកអស់ចំនួន១ និងសំភារៈផ្ទះបាយមួយចំនួនទៀត (មូលហេតុខឹងសុំលុយម្តាយ ១ម៉ឺនរៀល ម្តាយមិនឲ្យ)។

ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះខាងលើ សមត្ថកិច្ចរបស់អធិការដ្ឋាននគរបាល ស្រុកកណ្ដៀងបានស្នើសុំគោលការណ៍ និងបទបញ្ជាពីឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញានិងអយ្យការអមសាលាដំបូង ខេត្តពោធិ៍សាត់បានអនុញ្ញាតអោយសមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យខាងលើនេះក្នុងរយៈពេល ៤៨ម៉ោង ដើម្បីធ្វើកិច្ចសន្យាអប់រំ ទៅតាមនីតិវិធី ៕