ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឲ្យដឹងថា កាលពីយប់មិញនេះក្រុមហ៊ុន Apple បានធ្វើបច្ចុប្បន្នភាពកម្មវិធីប្រព័ន្ធប្រតិបត្តិការ iOS សម្រាប់ទូរសព្ទ iPhone ដោយបានដាក់បញ្ចូលនូវមុខងារថ្មីៗ មួយចំនួនមានដូចជា មុខងារសម្រាប់កំណត់ការតាមដានអ្នកប្រើប្រាស់ (App Tracking), កម្មវិធីសម្រាប់ប្រើជាមួយនឹងឧបករណ៍តាមដាន AirTags និងមុខងារដែលអាចឱ្យអ្នកប្រើប្រាស់ បន្ថែមហេតុការណ៍ផ្សេងៗចូលទៅក្នុងកម្មវិធី Apple Maps។
ប៉ុន្តែមុខងារមួយដែល អាចធ្វើឱ្យការប្រើប្រាស់ទូរសព្ទ iPhone កាន់តែមានភាពងាយស្រួលនោះគឺ មុខងារដែលអាចឱ្យអ្នកប្រើប្រាស់ បើកសោទូរសព្ទជាមួយនឹងនាឡិកាវៃឆ្លាត Apple Watch ព្រោះការបើកសោទូរសព្ទដោយប្រើផ្ទៃមុខ មិនអាចដំណើរការបានដោយសារ អ្នកប្រើប្រាស់ជាច្រើននាពេលបច្ចុប្បន្ន តម្រូវឱ្យពាក់ម៉ាសដើម្បីការពារ ពីការឆ្លងនៃមេរោគកូវីដ១៩។
មុខងារបើកសោនេះគឺវាស្រដៀងគ្នា ទៅនឹងការបើកសោដែលក្រុមហ៊ុន កំពុងតែប្រើជាមួយនឹងកុំព្យូទ័រ Mac ដែរ។ នៅពេលដែលទូរសព្ទត្រូវបានបើកសោ នាឡិការបស់លោកអ្នកនឹងញ័រ ជាការជូនដំណឹងថាទូរសព្ទត្រូវបានបើកសោ ជាងនេះទៅទៀតវាក៏ផ្ដល់ជម្រើស សម្រាប់លោកអ្នកអាចចាក់សោរទូរសព្ទវិញបាន ប្រសិនបើអ្នកដទៃព្យាយាមបើកសោទូរសព្ទនោះ។ ដើម្បីប្រើមុខងារនេះ លោកអ្នកត្រូវធ្វើបច្ចុប្បន្នភាពកម្មវិធី ប្រព័ន្ធប្រតិបត្តិការរបស់ទូរសព្ទ iPhone ទៅជំនាន់ iOS 14.5 និងនាឡិកាវៃឆ្លាត Apple Watch ទៅជំនាន់ watchOS 7.4។ បន្ទាប់ពីលោកអ្នកបានធ្វើបច្ចុប្បន្នភាពរួចហើយ លោកអ្នកអាចបើកមុខងារនេះ នៅក្នុងទូរសព្ទដោយចូលទៅក្នុង Settings -> Face ID & Passcode -> ចុចបើក Unlock With Apple Watch។
ដើម្បីប្រើមុខងារនេះវាក៏តម្រូវឱ្យលោកអ្នកប្រើ Passcode ជាមួយនឹងនាឡិកាផងដែរ។ ប្រសិនបើលោកអ្នកមិនទាន់មានប្រើ Passcode លោកអ្នកអាចបង្កើតលេខ Passcode ដោយចូលទៅក្នុងកម្មវិធី Watch នៅក្នុងទូរសព្ទ ហើយជ្រើសយក Passcode -> Turn Passcode On ហើយវាយបញ្ចូលលេខ Passcode ដែលលោកអ្នកចង់ប្រើ។
គួរបញ្ជាក់ផងដែរថា មុខងារនេះគឺប្រើសម្រាប់តែ បើកសោទូរសព្ទប៉ុណ្ណោះ ហើយលោកអ្នកមិនអាចប្រើសម្រាប់ បញ្ជាក់អត្តសញ្ញាណជាមួយនឹង Apple Pay ឬ App Store បានទេ៕