Apple បន្ថែមពាក្យពេចន៍ណែនាំ ឲ្យប្រុងប្រយ័ត្នទាក់ទង នឹងការប្រើប្រាស់ iPhone 12 និង MagSafe

0

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា នៅពេលដែលក្រុមហ៊ុន Apple បានធ្វើការប្រកាសនូវទូរសព្ទ iPhone 12 កាលខែតុលា ក្រុមហ៊ុនបានទទួលស្គាល់ថា សារធាតុឆក់នៅក្នុងទូរសព្ទជំនាន់ថ្មីនេះ អាចធ្វើឱ្យប៉ះពាល់ដល់ដំណើរការ របស់ឧបករណ៍រំញោច ឬជំនួយបេះដូងមានដូចជា Pacemaker និង Defibrillator។

ប៉ុន្តែនៅពេលថ្មីៗនេះក្រុមហ៊ុន បានបន្ថែមពាក្យពេចន៍មួយចំនួនទៀត ដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់ ពីការប៉ះពាល់នេះ បន្ទាប់ពីវេជ្ជបណ្ឌិតមួយចំនួននៅរដ្ឋ Michigan បានធ្វើការសាកល្បងដោយដាក់ទូរសព្ទ iPhone 12 និងឧបករណ៍ Defibrillator នៅជិតគ្នាហើយដែលជាលទ្ធផលឧបករណ៍ Defibrillator បានឈប់ដំណើរការណ៍ជាបណ្ដោះអាសន្ន នៅក្នុងពេលសាកល្បងនេះ។ បច្ចុប្បន្នក្រុមហ៊ុន Apple បានណែនាំបន្ថែមឱ្យ អ្នកប្រើប្រាស់ដាក់ទូរសព្ទ ឬឧបករណ៍ MagSafe ឱ្យបានចម្ងាយយ៉ាងតិច ១៥សង់ទីម៉ែត្រនៅពេលប្រើប្រាស់ ឬ ៣០សង់ទីម៉ែត្រនៅពេលដែល ​លោកអ្នកកំពុងតែបញ្ចូលថ្ម ពីឧបករណ៍រំញោចបេះដូង។

ដើម្បីសុវត្ថិភាពក្នុងការ ប្រើប្រាស់របស់លោកអ្នក ក្រុមអ្នកស្រាវជ្រាវក៏បានសំណូមពរឱ្យ អ្នកប្រើប្រាស់ដែលមានដាក់ ឧបករណ៍រំញោចបេះដូង Pacemaker ឬ Defibrillator នៅក្នុងខ្លួន ចៀសវាងដាក់ទូរសព្ទនៅ ក្នុងហោប៉ៅអាវខាងលើ ឬនៅលើទ្រូងរបស់លោកអ្នក ៕