ឃោរឃៅណាស់! គ្រាន់តែកូនស្រីចុង យកសៀវភៅឲ្យយឺត ម្ដាយចុងចិត្តខ្មៅទាញកាំបិតប៉័ងតោ ​កាប់​របួសធ្ងន់

0

ភ្នំពេញ៖ ពិតសាហាវព្រៃផ្សៃ រកលេខដាក់គ្មានមែន! គ្រាន់តែកូនស្រីចុង យក​សៀវភៅ​មក​ឲ្យយឺតយ៉ាវ​ ម្ដាយចុងចិត្តខ្មៅ ទាញកាំបិតប៉័ងតោ​កាប់​ រង​របួសធ្ងន់ ។ ហេតុការណ៍នេះ បានបង្ក​ឱ្យ​មានកា​ភ្ញាក់ផ្អើល ​កាលពី​ម៉ោង​ ៧​យប់​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២១ ស្ថិត​នៅ​ភូមិ​ប្រ​ប្រក​ខាងជើង សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ក្មេងស្រីជន​រង​គ្រោះខាងលើ​មានឈ្មោះ ស្រី​ពេជ្រ អាយុ​១៧​ទៅ​១៨​ឆ្នាំ មុខរបរ​នៅផ្ទះ ចំណែក​ស្ត្រី​ជា​ម្តាយចុង និង​ឪពុកចុង​មិន​ទាន់​ បាន​ស្គាល់ឈ្មោះ​នៅឡើយ គ្រាន់​តែ​ដឹង​ថា ស្ត្រី​ជា​ម្តាយចុង​មាន​ប្តី ​៣​នាក់​ទៅ​ហើយ ហើយ​កូនស្រី​រង​គ្រោះជា​កូន​របស់​ប្តី​ទី​១ បច្ចុប្បន្ន​​ម្តាយចុង​រូប​នេះ មានកូន​ចំនួន​៣​នាក់ ក្នុង​នោះ​កូនបង្កើត​ស្រី​ម្នាក់ និង​ប្រុស​ម្នាក់​។

បើ​តាម​​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​ បាន​រៀបរាប់ថា ជន​រង​គ្រោះ គឺជា​ក្មេង​កំព្រា ម្តាយ​ទទួលមរណភាព​ចោល បន្ទាប់​មក​ឪពុក​ក៏​យកប្រពន្ធ​មួយទៀត លុះ​ពេល​ឪពុក​ទទួលមរណភាព​ចោល​ទៀត នៅ​សល់​តែ​ម្តាយចុង​ប៉ុណ្ណោះ ហើយ​ឥឡូវនេះ ម្តាយចុង​ក៏​មាន​ប្តី​ថែម​ទៀត​ផង​ដែរ ចំណែក​នារី​រង​គ្រោះ​នៅ​តែ​ផ្ទះ​ មិន​បាន​ចេញ​ទៅ​ណា​ឡើយ សូ​ម្បី​តែ​ការ​សិក្សា​ក៏​មិន​បាន​រៀន​ដែរ​។

នារី​ម្នាក់​ដែល​ឃើញ​ហេតុការណ៍​ បាន​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ តាំងពី​រសៀល​ថ្ងៃ​កើតហេតុ មាន​ជនជាតិ​ឥណ្ឌា​ម្នាក់​បាន​ មក​ទារ​លុយ​នៅផ្ទះ​កើតហេតុ​ខាងលើ ហើយ​ជន​បង្ក​ជា​ម្តាយ​បាន​ខឹង​នឹង​កូនស្រី​ចុង​យក​សៀវភៅ​ឱ្យ​យឺតយ៉ាវ​ពេក ស្រប​ពេល​ដែល​ស្ត្រី​ជា​ម្ដាយ​​កំពុង​ធ្វើ​ត្រី មាន​ទាំង​កាំបិត​នៅ​នឹង​ដៃ​ផង​នោះ ក៏​បាន​កាប់​ទៅ​លើ​កូនស្រី​ចុង​មួយ​កាំបិត​ប៉័ង​តោ​តែ​ម្តង បណ្តាល​ឲ្យ​កាំបិត​ជាប់​ក្បាល ហើយ​ក៏​ដក​កាំបិត​បំរុង​កាប់​មួយ​កាំបិត​ទៀត តែ​ជន​រង​គ្រោះ​​យកដៃ​រង​ជាប់ កុំ​អី​ត្រូវ​មួយ​កាំបិត​ទៀត​ទៅ​ហើយ ខណៈ​ពេល​នោះ​ដែរ ជន​រង​គ្រោះ​ឈាម​ហូរ​ខ្លាំង​ពេក ក៏​បាន​យក​ភួយ​មក​ជូត​ក្បាល និង​ឈាម​ហូរ​ប្រឡាក់​ឥដ្ឋការ៉ូ​តែ​ម្តង ។

ប្រភព​ដដែល​បន្ត​​ថា ខណៈ​ពេល​នោះ ស្ត្រី​ជា​ម្តាយចុង និង​កូនបង្កើត​របស់​គាត់​បាន​ជិះ​ម៉ូតូឌុប​កូនស្រី​ចុង​ ដែល​រង​របួស​យក​ទៅ​ព្យាបាល តែ​ដោយសារ​ខ្លាច​បងប្អូន​ប្រជាពលរដ្ឋ​ឃើញ​ ក៏​បានឱ្យ​ជន​រង​គ្រោះ​ពាក់មួក​សុវត្ថិ​ភាព​ដើម្បី​បិទ​បាំង ប៉ុន្តែ​ចៃដន្យ​អី មួក​សុវត្ថិភាព​របូត​ធ្លាក់​ធ្វើ​ ឲ្យ​បងប្អូន​ប្រជាជន​ឃើញ​​តែ​ម្តង​។ នៅ​ពេល​នោះ​ដែរ ស្ត្រី​ជា​ម្តាយចុង​មិន​ព្រម​ចុះ​រើស​ទេ គឺ​បានឱ្យ​កូនស្រី​របស់​គាត់​ជា​អ្នក​បើក​ម៉ូតូ​ជា​អ្នក​ចុះ​រើស ហើយ​ស្ត្រី​ជា​ម្តាយចុង​ជា​អ្នក​អោប​ពីក្រោយ រួច​ជិះ​ចេញ​ទៅ​បាត់​ទៅ មិនដឹង​ថា​ទៅ​ព្យាបាល​របួស​ នៅ​មន្ទីរពេទ្យ​ណា​ឡើយ​ទេ ។ លុះ​នៅ​វេលា​ម៉ោង​ ៦​ព្រលប់​ថ្ងៃ​ដដែល ប្រជាពលរដ្ឋ​អ្នក​ជិតខាង​ នៅ​តែ​មិនដឹង​ដំណឹង​ជន​រង​គ្រោះ​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ណា ក៏​ប្តឹង​សមត្ថកិច្ច​ឱ្យមក​កន្លែង​កើតហេតុ ដើម្បី​សួរនាំ​រក​ជន​រង​គ្រោះ​តែ​ម្តង ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​កា​កាប​ទី​១ បាន​មក​ដល់​ផ្ទះ​កើតហេតុ ខាងលើ រួច​សាកសួរ​ព័ត៌មាន ហើយ​ក៏​បាន​ទាក់ទង​ទៅ​ឪពុកចុង​ជន​រង​គ្រោះ តែ​ឪពុកចុង​មិន​ព្រម​ប្រាប់​ថា ទៅ​ព្យាបាល​នៅ​ទីណា​ទេ គឺ​គ្រាន់តែ​ប្រាប់​ថា ជន​រង​គ្រោះ​រង​របួសស្រាល​ទេ ដោយ​កំពុង​ហូប​បាយ​។ ហើយ​សមត្ថ​កិ​ច្ច​ក៏​​បាន​សួរ​ថា យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ណាមួយ ក៏​មិន​ប្រាប់​ដែរ ជា​ហេតុ​បណ្តាល​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ មានការ​សង្ស័យ​រឹតតែ​ខ្លាំង​ទៅ​ៗ ដោយ​មិនដឹង​ថា ម្តាយចុង​រូប​នេះ​យក​ជន​រង​គ្រោះ ​ទៅ​ទម្លាក់​នៅ​កន្លែង​ណា​នោះ​ឡើយ ៕