បុរសខ្លាំងនៃកម្ពុជា ប្រកាសបរិច្ចាគប្រាក់ខែទាំងអស់ ៧ខែទៀត ជូនក្រសួងសុខាភិបាល ដើម្បីចូលរួមជួយដល់ ការប្រយុទ្ធប្រឆាំងកូវីដ១៩

0

ភ្នំពេញ៖ ដើម្បីចូលរួមជួយដល់ការប្រយុទ្ធប្រឆាំង ជាមួយជំងឺកូវីដ១៩ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសបន្ត បរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួនទាំអស់ រយៈពេល ៧ខែទៀត ជូនទៅក្រសួងសុខាភិបាល ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៦ មករានេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ដើម្បីចូលរួមជួយដល់ ការប្រយុទ្ធប្រឆាំងកូវីដ ១៩ ក្នុងឆ្នាំកន្លងមកខ្ញុំបានកាត់ប្រាក់បៀវត្សទាំងអស់ ក្រោយការបង់ពន្ធលើបៀវត្ស ជូនរដ្ឋរយៈពេល ៧ខែ ជូនទៅក្រសួងសុខាភិបាល។ បៀវត្សរបស់ខ្ញុំ ១០លានរៀល/ខែ ត្រូវបង់ពន្ធ៩១០.០០០រៀល/ខែ និងប្រគល់ជូនក្រសួងសុខាភិបាល ៩.០៩០.០០០រៀល/ខែសរុប៧ខែចំនួន៦៣.៦៣០.០០០រៀល ។ អាស្រ័យដោយកូវីដ១៩ បាននិងកំពុងកើតមានបន្ត នៅទូទាំងពិភពលោក រាប់ទាំងកម្ពុជាយើងផង ខ្ញុំសូមប្រកាសបន្តកាត់បៀវត្សទាំងអស់ ក្រោយការបង់ពន្ធរយៈពេល ៧ខែទៀតជូនទៅក្រសួងសុខាភិបាល ដោយចាប់ពីខែកុម្ភះឆ្នាំ២០២១ ដល់ ខែសីហា ឆ្នាំ២០២១» ។

ជាមួយគ្នានោះសម្ដេចតេជោ បានថ្លែងអំណរគុណចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងស្ថាបន័ស៊ីវិល និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានបរិច្ចាគដោយការកាត់បៀវត្សទាំងស្រុង ឬមួយផ្នែករយៈពេលខ្លី ឬវែងតាមការស្ម័គ្រចិត្តជួយ ដល់ការងារប្រយុទ្ធប្រឆាំងកូវីដ១៩ ដែលបង្ហាញឱយឃើញ នូវសាមគ្គីភាពក្នុងខឿនការពារ សុខភាពរបស់ប្រជាជនយើង ។

សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៤៦០នាក់ ក្នុងនោះព្យាបាលជាសះស្បើយសរុបចំនួន ៤១២នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៤៨នាក់ (គ្មានអ្នកស្លាប់) ៕