ប្រយ័ត្ន! ជនខិលខូច កំពុងបង្កើតគេហទំព័រ ក្លែងក្លាយ ដើម្បីផ្ញើសារបន្លំជាសារ មកពីធនាគារកាណាឌីយ៉ា ក្នុងគោលបំណង…

0

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ទើបតែបានរកឃើញមានអ្នកប្រើប្រាស់ មួយចំនួនបានទទួលសារ ជាភាសាអង់គ្លេសដែលបន្លំធ្វើជាសារ មកពីធនាគារកាណាឌីយ៉ាដោយអះអាងថា គណនីធនាគាររបស់លោកអ្នក ត្រូវបានចូលប្រើជាមួយឧបករណ៍ផ្សេងទៀត ហើយថែមទាំងផ្ដល់នូវតំណភ្ជាប់ ដើម្បីឱ្យពួកគេបញ្ជាក់អំពីអត្តសញ្ញាណ (Your Canadia bank account has been logged in through another platform, please verify again to protect your rights. www.canadias.com)។

នៅពេលដែលអ្នកប្រើប្រាស់ចូលទៅ គេហទំព័រតាមតំណភ្ជាប់នោះ វានឹងទាមទារឱ្យបំពេញព័ត៌មានលម្អិតមានដូចជា ឈ្មោះ ថ្ងៃខែឆ្នាំកំណើត លេខអត្តសញ្ញាណបណ្ណ លេខទូរសព្ទ ឈ្មោះសម្រាប់ចូលទៅក្នុងគណនី និងលេខសម្ងាត់ផងដែរ។

តាមការស្រាវជ្រាវរបស់ នាយកដ្ឋានបានរកឃើញថា នេះគឺជាគេហទំព័រក្លែងក្លាយដែល ជនខិលខូចបង្កើតឡើងដើម្បី បោកបញ្ឆោតយកព័ត៌មាន ដែលអាចឱ្យពួកគេចូលទៅក្នុងគណនីធនាគារ ក្នុងគោលបំណងលួចយកប្រាក់កាស របស់លោកអ្នកតែប៉ុណ្ណោះ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមធ្វើការណែនាំដល់អ្នកប្រើប្រាស់ទាំងអស់ ឱ្យមានការប្រុងប្រយ័ត្ននៅពេល ដែលទទួលបានសារណាមួយ ដែលទាមទារឱ្យផ្ដល់ព័ត៌មានផ្ទាល់ខ្លួន ព្រោះនេះគឺជាល្បិចដែលជនខិលខូច ប្រើដើម្បីលួចយកព័ត៌មាន របស់លោកអ្នកតែប៉ុណ្ណោះ ហើយវិធីដែលល្អបំផុតនោះគឺលោកអ្នក គួរតែធ្វើការទំនាក់ទំនងទៅក្រុមហ៊ុនផ្ទាល់ ដើម្បីទទួលបានព័ត៌មានបន្ថែម ៕