ភ្នំពេញ៖ ចេះធ្វើទៅរួច ឪចុងលួងលោម ចាប់រំលោភសេពសន្ថវៈកូនដើម បានសម្រេចរាប់សិបដង ពេលនេះ ត្រូវសមត្ថកិច្ចឃាត់ខ្លួនហើយ។ ជនរងគ្រោះ អាយុ១៤ឆ្នាំជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិក្រញាំ ឃុំផ្ទះរុង ស្រុកក្រវាញ ខេត្តពោធិ៍សាត់។ ជនសង្ស័យឈ្មោះកុត ពៅ អាយុ៤៩ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករសំណង់ បច្ចុប្បន្នស្នាក់នៅជាមួយជនរងគ្រោះ (ត្រូវជាឪពុកចុងជនរងគ្រោះ)។
សមត្ថកិច្ចបន្តទៀតថា កាលពីអំឡុងឆ្នាំ២០១៥ ម្ដាយជនរងគ្រោះ បានទៅយកជនរងគ្រោះពីផ្ទះរបស់ឈ្មោះភាស៊ី ថន ភេទស្រី អាយុ ៥៧ឆ្នាំ ត្រូវជាយាយបង្កើតជនរងគ្រោះ ឲ្យមកនៅជាមួយខ្លួន និងប្ដីចុងរបស់ខ្លួន ។ លុះដល់ ឆ្នាំ២០១៦ ម្ដាយជនរងគ្រោះ បានទៅធ្វើការងារនៅឯប្រទេសថៃ ដោយទុកឲ្យ កូនបង្កើតរបស់ខ្លួន នៅជាមួយប្ដីចុង ពេលនោះជនរងគ្រោះទើបតែមានអាយុ០៧ឆ្នាំប៉ុណ្ណោះ។
ក្នុងអំឡុងឆ្នាំ២០១៦ មិនចាំថ្ងៃខែ វេលាម៉ោង២២និង៣០នាទី ពេលជនសង្ស័យ ត្រឡប់មកពីធ្វើការងារវិញ ក៏បានចូលក្នុងបន្ទប់ជនរងគ្រោះ (បន្ទប់ផ្ទះ) នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង រួចបានធ្វើសកម្មភាព ដែលសង្គមកំពុងតែស្អប់ខ្ពើម។ ចំពោះសកម្មភាពបែបនេះ ឪពុកចុងរូបនេះ បានប្រព្រឹត្តលើជនរងគ្រោះប្រហែល ៥៤ដងរួចហើយ ដោយនិយាយគំរាមគំហែងមិនឲ្យ ជនរងគ្រោះនិយាយប្រាប់នរណាទាំងអស់។
លុះដល់ឆ្នាំ២០២០ ថ្ងៃ ខែមិនចាំវេលាម៉ោង១៥ និង៤៧នាទី ជនរងគ្រោះរួមជាមួយម្ដាយ និងជនសង្ស័យ បាននាំគ្នាមកធ្វើការងារជាកម្មករសំណង់ នៅភ្នំបាសិត ជនសង្ស័យបានធ្វើសកម្មភាពរំលោភជនរងគ្រោះ រហូតបានសម្រេចទៀត ហើយពេលរំលោភរួច រួចជនសង្ស័យបានគំរាមជនរងគ្រោះ មិនឲ្យនិយាយប្រាប់ម្ដាយរបស់ខ្លួនពីរឿងទាំងនោះឡើយ។ ជនសង្ស័យជាឪពុកចុង តែងតែធ្វើសកម្មភាព ដោយរំលោភជនរងគ្រោះ ជាបន្តបន្ទាប់។ លុះដល់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ ម៉ោង១០និង៣០នាទី ជនរងគ្រោះបានឈ្លោះប្រកែកគ្នាជាមួយម្ដាយរបស់ខ្លួន និងជនសង្ស័យ (ឪពុកចុង) រួចជនរងគ្រោះ បានទៅស្នាក់នៅបណ្ដោះអាសន្ន ជាមួយយាយរបស់ខ្លួន នៅក្នុងការដ្ឋានបុរីកៀនស្វាយផាក នោះដែរ។ រហូតដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ម៉ោង១៨និង៣០នាទី ជនរងគ្រោះបាននិយាយប្រាប់យាយរបស់ខ្លួន នូវរឿងរ៉ាវដែលឪពុកចុងរបស់ខ្លួន បានធ្វើអំពើរំលោភខ្លួនទាំងអស់។
ហើយថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ម៉ោង២១និង០៥នាទី ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល។ ក្រោយពីទួលបានពាក្យបណ្ដឹង ពីជនរងគ្រោះកម្លាំងនគរបាលប៉ុស្តិ៍ឈើទាល សហការជាមួយកម្លាំងផ្នែកជំនាញ បានចុះដល់កន្លែងកើតហេតុ នាំខ្លួនជនសង្ស័យមកប៉ុស្តិ៍សួរនាំ និងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕