បើយោងតាមក្រុមអ្នកស្រាវជ្រាវរបស់ Citizen Lab នៃសាកលវិទ្យាល័យ Toronto ក្នុងប្រទេសកាណាដា បានរកឃើញថាទូរសព្ទរបស់ អ្នកសារព័ត៌មានមួយចំនួន ត្រូវបានរងការវាយប្រហារពីកម្មវិធី Pegasus របស់ក្រុមហ៊ុន NSO Group ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីវាយប្រហារ មានទីតាំងនៅប្រទេសអ៊ីស្រាអែល។ នេះបើតាមការឲ្យដឹងពី នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ។
ការរកឃើញនេះបន្ទាប់ពីអ្នកសារព័ត៌មានម្នាក់ឈ្មោះ Tamer Almisshal ដែលធ្វើការនៅក្រុមហ៊ុនសារព័ត៌មាន Al Jazeera បានស្នើសុំឱ្យក្រុមអ្នកស្រាវជ្រាវធ្វើការវិភាគទៅលើទូរសព្ទរបស់គាត់ ដោយគាត់មានការសង្ស័យថា ទូរសព្ទរបស់គាត់អាចត្រូវបានរងការវាយប្រហារ។ លទ្ធផលក្រោយពីធ្វើការវិភាគនោះគឺ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ទូរសព្ទរបស់គាត់ត្រូវបានភ្ជាប់ទៅនឹង server របស់ក្រុមហ៊ុន NSO Group ដែលជាប្រភពសម្រាប់ចែកចាយ កម្មវិធីវាយប្រហារក្នុងអំឡុងពេល ពីខែកក្កដាដល់ខែសីហាកន្លងទៅនេះ។
ជាងនេះទៅទៀតតាមការវិភាគក៏បានរកឃើញ បញ្ជីឈ្មោះកម្មវិធីផ្សេងៗដែលកម្មវិធី វាយប្រហារនេះបានប្រើប្រាស់នោះរួមមាន ការថតសំឡេងតាមរយៈម៉ៃក្រូហ្វូនឬការនិយាយទូរសព្ទ ថតរូបភាពតាមរយៈកាមេរ៉ាទូរសព្ទ ទាញយកលេខសម្ងាត់ និង តាមដានទីតាំងរបស់ទូរសព្ទបានទៀតផង។ ក្នុងរយៈពេលជាងមួយឆ្នាំចុងក្រោយនេះ មានអ្នកធ្វើការឱ្យក្រុមហ៊ុន Al Jazeera ចំនួន៣៦នាក់ រួមមានអ្នកសារព័ត៌មាន អ្នកគ្រប់គ្រងកម្មវិធី និងអ្នកគ្រប់គ្រងធំៗត្រូវបានក្លាយជា គោលដៅក្នុងការវាយប្រហារពី ប្រទេសមួយចំនួននៅតំបន់អារ៉ាប់រួម។
សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន Apple បានធ្វើការកែសម្រួលភាពចន្លោះប្រហោងនេះ ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ iOS 14 ដែលបានដាក់ឱ្យប្រើប្រាស់ កាលពីខែកញ្ញាកន្លងទៅ ។ បញ្ហានេះគឺជាឧទាហរណ៍ដ៏ល្អមួយ ដល់អ្នកប្រើប្រាស់ដែលគួរតែធ្វើបច្ចុប្បន្នភាព ឧបករណ៍បច្ចេកវិទ្យារបស់លោកអ្នក ឱ្យបានទៀងទាត់និងឆាប់រហ័ស ដើម្បីចៀសវាងពីការវាយប្រហារ ៕