ភ្នំពេញ៖ ដើម្បីថែរក្សា និងកិច្ចការពារនូវប្រភេទកេសកូល របស់កម្ពុជាឱ្យបានគង់វង្សពិសេសថែរក្សា បាននូវរុក្ខជាតិប្រភេទនេះ ជារបស់អត្ថសញ្ញាណជាតិផងនោះ ក្រសួងបរិស្ថានប្រកាសពីការ ចាត់វិធានការផ្លូវច្បាប់ចំពោះជន ទាំងឡាយណាដែលនៅបន្ត សកម្មភាពប្រមូលទិញ លក់ និងដឹកជញ្ជូនកេសរកូលព្រៃ ឬផ្កាអ័រគីដេព្រៃគ្រប់ប្រភេទ ក្នុងទំហំធំពីតំបន់ការពារធម្មជាតិ នៅកម្ពុជាដែលអាចធ្វើឱ្យគំរាមកំហែង ដល់ប្រភេទពូជកេសរកូលព្រៃ។
ការប្រកាសពីការចាត់វិធានការផ្លូវច្បាប់ បែបនេះធ្វើឡើងដោយលោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន ក្នុងខណៈដែលឯកឧត្តមបានដឹកនាំ ក្រុមអ្នកសារព័ត៌មានក្នុងដំណើរទស្សនកិច្ច ទៅកាន់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន កាលពីថ្ងៃទី១៩ ធ្នូឆ្នាំ២០២០។
លោក នេត្រ ភក្ត្រា បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា កេសរកូលព្រៃ គឺជាធនធានធម្មជាតិដ៏កម្រ និងជាកម្មសិទ្ធិរបស់កម្ពុជា ដែលចាំបាច់ត្រូវថែរក្សា និងអភិរក្ស។ ការហាមឃាត់ ឬការទប់ស្កាត់ការធ្វើអាជីវកម្មកេសរកូលនេះ ក៏ធ្វើឡើងស្របពេលដែលអ្នកជំនាញ បាននិងកំពុងធ្វើការសិក្សារកចំនួនប្រភេទកេសរកូលព្រៃ ដែលមានវត្តមាននៅកម្ពុជាឱ្យបានច្បាស់លាស់។
លោកថ្លែងថា «ក្រសួងបរិស្ថានសូមប្រកាស ពីវិធានការផ្លូវច្បាប់ទៅលើអ្នកធ្វើអាជីវកម្មធំ អ្នកដែលបំផ្លិចបំផ្លាញនៅកេសរកូលព្រៃ។ យើងនឹងអនុវត្តទៅហ្នឹងវិធានការច្បាប់ ព្រោះក្រសួងបរិស្ថានបានព្រមាន រួចហើយចំពោះអ្នកដែលធ្វើអាជីវកម្ម កេសរកូលព្រៃដែលហួសប្រមាណ ដែលឈានទៅដល់កម្រឹតបំផ្លិចបំផ្លាញនេះ យើងមិនយោគយល់ចំពោះពួកគាត់ទេ»។
ទាក់ទិនទៅនឹងកេសរកូល នៅកម្ពុជានេះដែរលោកមានប្រសាសន៍ថា ប្រភេទកេសរកូល ប្រមាណ ៤០ភាគរយ ត្រូវបានគេរកឃើញនៅតាមតំបន់ជួរភ្នំក្រវាញ និងរួមទាំងតំបន់ភ្នំបូកគោ។ ចំណែក ៣៥ ភាគរយត្រូវបានគេរកឃើញនៅតំបន់ឆ្នេរនិង ១៣ ភាគរយព្រៃរបោះស្ងួតហើយ ១០ភាគរយទៀត ត្រូវបានគេរកឃើញនៅតាមតំបន់ ប្រសព្វគ្នានៃទន្លេមេគង្គ។ ក្រៅពីនេះ កេសរកូលព្រៃកម្ពុជា អាចមាននៅតំបន់ជួរភ្នំដងរែក និងតំបន់ខាងកើតបឹងទន្លេសាប។
ទោះបីយ៉ាងណា លោក នេត្រ ភក្ត្រា បានមានប្រសាសន៍ដែរថា នៅពេលនេះមន្ត្រីជំនាញយើងកំពុងសិក្សា អំពីកេសរកូលនៅកម្ពូជាប៉ុន្តែចំនួនពិតប្រាកដ យើងមិនទាន់មានចំនួនប្រភេទ កេសរកូលឱ្យច្បាស់លាស់នៅឡើយ ដូច្នេះបើមានការប្រមូល ឬធ្វើអាជីវកម្មកេសរកូលព្រៃ វាអាចធ្វើឲ្យបាត់បង់នូវប្រភេទ កេសរកូលរបស់យើង ដែលគេប្រទេសផ្សេងអាច យកទៅធ្វើជាអាជីវកម្ម ឬធ្វើជាកម្មសិទ្ធិរបស់គេ ដូច្នេះបានជាយើងចាំបាច់ត្រូវការពារ អភិរក្ស និងទប់ស្កាត់ការជួញដូរដោយខុសច្បាប់ ។
លោកបន្ថែមថា «តាមរយៈមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ក្រសួងបរិស្ថាន បាននិងកំពុងធ្វើការសិក្សាស្រាវជ្រាវ និងចងក្រងទិន្នន័យ ដោយរួមបញ្ចូលទាំងការកំណត់អត្តសញ្ញាណ ប្រភេទកេសរកូលព្រៃ។ បច្ចុប្បន្ន មជ្ឈមណ្ឌលបានអភិរក្ស និងរក្សាពូជកេសរកូលព្រៃចំនួនប្រមាណ១៥០ប្រភេទ ក្នុងនោះក៏មានបណ្ណង្គជាតិ(fern) ចំនួន១៥ ប្រភេទ និងHoya ៤ប្រភេទផងដែរ» ។
ដោយឡែកលោកជំទាវ ចាន់ សុម៉ាលី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងឱ្យដឹងដែរថា ក្រោយការបង្កើតមជ្ឈមណ្ឌល ស្រាវជ្រាវនេះគេបានរៀបចំហេដ្ឋារចនាសម្ព័ន្ធ មួយចំនួនហើយក្នុងនេះគេបានគ្រោងផ្ទៃដី ២០២០ហិកតា និងគេបានបម្រុងចែកជាតំបន់សំខាន់ៗ ក្នុងការគ្រប់គ្រង។ ក្នុងនេះយើងនឹងបង្លើតជាសួនផ្សេងៗ ដូចជាសួនកេសរព្រៃ សួនកេសរបង្កាត់ សួនមេអំបៅ សួនបន្លែធម្មជាតិ សួនឱសបុរាណ សួនប្រទាលនិងសួនពូជរុក្ខជាតិសំខាន់ៗ ដែលមានក្នុងប្រទេសកម្ពុជា។សម្រាប់រចនាសម្ព័ន្ធទី២ គឺគេនឹងរៀបចំអគារផ្តល់ព័ត៌មាន អគារសម្រាប់ផ្សព្វផ្សាយ អគាររដ្ឋបាលនិងរចនាសម្ព័ន្ធទី៣ គឺគេនឹងរៀបចំកន្លែងសម្រាប់កម្សាន្ត មើលកេសរនិងសិក្សាស្រាវជ្រាវជាដើម។ ក្រៅពីនេះគេនឹងរៀបចំសម្រាប់ កន្លែងដើរកម្សាន្តក្នុងព្រៃ កន្លែងបោះតង់និងកន្លែងរៀបចំមើលថ្ងៃលិចថ្ងៃរះ កន្លែងហាងកាហ្វេ ។ពិសេសជាងនេះនៅថ្ងៃខាងមុខនឹងមានរៀបចំ ជាស្ពានកញ្ចក់សម្រាប់ទស្សនា មើលកេសរកូលថែមទៀត។ លោកជំទាវបានឱ្យដឹងបន្ថែមថា ក្រុមការងារជំនាញបានកំណត់ អត្តសញ្ញាណពូជកេសរកូលព្រៃចំនួន ១៧០ប្រភេទ ក្នុងចំណោមពូជកេសរកូលព្រៃ ដែលត្រូវបានគេប៉ាន់ប្រមាណថា មានចន្លោះពី៥០០ ទៅ៧០០ប្រភេទ ក្នុងក្របខណ្ឌទូទាំងប្រទេស។
ដោយឡែកតំណាងលោក អ៊ុក កុសល អ្នកគ្រប់គ្រងក្រុមហ៊ុន សូម៉ាហ្វាម ដែលបានសហការជួយ ដល់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែនបានបង្ហាញពី កិច្ចសហការក្នុងនេះទាំងបច្ចេកទេស និងសម្ភារៈសំដៅធ្វើយ៉ាងណាឱ្យមជ្ឈមណ្ឌលមួយនេះ មានការរីកចម្រើនលូតលាស់ទៅមុខ។ លោកថា សព្វថ្ងៃក្រុមហ៊ុនសូម៉ាហ្វាម បានទិញផ្កាពីបរទេសមកបង្កាត់ពូជ លក់និងមានអ្នកឯកទេសពី ការបង្កាត់ពូជនិងដាំផ្កាកេសរកូល ហើយពេលនេះកំពុងសហការ ចូលរួមបង្កាត់ពូជផ្កាកេសរកូលកម្ពុជា។ ព្រមជាមួយគ្នាសង្ឃឹមថា នៅថ្ងៃខាងមុខក្រុមហ៊ុនលោក នឹងទិញកេសរកូលកម្ពុជាដើម្បី ចែកចាយលក់បន្តវិញ។ បច្ចុប្ប្បន្នក្រុមហ៊ុនសូម៉ាហ្វាម បានជួយមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែនរួមមានបច្ចេកទេសការ តប្រព័ន្ធ បង្កាត់ពូជ ការដាំដុះ ការថែទាំងជាដើម។
គួរបញ្ជាក់ថា មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន» កាលនៅចុងឆ្នាំ២០១៨ ស្ថិតនៅជើងភ្នំគូលែន ក្នុងភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ មជ្ឈមណ្ឌលនេះបង្កើតដោយ អគ្គលេខាធិកាដ្ឋានអភិវឌ្ឍន៍ដោយចីរភាព សហការជាមួយមន្ទីរបរិស្ថានខេត្តសៀមរាប និងម្ចាស់កសិដ្ឋាន The Bloom Garden Greenhouse។
លោក នេត្រ ភក្ត្រា បានថ្លែងថា «មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន» នេះ គឺដើម្បីរំឭកពីគុណបំណាច់ដ៏ថ្លៃថ្លា របស់វិញ្ញាណក្ខន្ធសម្តេចវិបុលបញ្ញា សុខ អាន ក្នុងបុព្វហេតុកសាងជាតិមាតុភូមិ ការពារធនធានធម្មជាតិ អភិរក្សជីវៈចម្រុះ និងអភិរក្សបេតិកភណ្ឌវប្បធម៌មនុស្សជាតិ និងលើកតម្កើងវិស័យទេសចរណ៍កម្ពុជា»។ លោកថា ការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវនេះ នឹងផ្តល់អត្ថប្រយោជន៍ផ្សេងៗ ជាច្រើនដូចជា រក្សានិងស្ដារពូជកេសរកូលព្រៃ ក្នុងស្រុកប្រមូលផ្ដុំសំណាកកេសរកូលរស់ កត់ត្រា និងធ្វើសារពើភ័ណ្ឌ សម្រាប់សិក្សាស្រាវជ្រាវ ផ្ដល់ចំណេះដឹង និងព័ត៌មានវិទ្យាសាស្រ្ត ពីកេសរកូលព្រៃ សម្រាប់មនុស្សជំនាន់ក្រោយ និងសួនកម្សាន្តជាដើម ៕