នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កាលពីដើមសប្តាហ៍មុន ក្រុមហ៊ុនហ្វេសប៊ុកបានធ្វើការ ផ្សព្វផ្សាយរិះគន់ក្រុមហ៊ុន Apple ខ្លាំងៗ ដោយចោទប្រកាន់ក្រុមហ៊ុន Apple ដែលបានទាមទារឱ្យអ្នកអភិវឌ្ឍ កម្មវិធីបន្ថែមមុខងារក្រើនរំឭក (prompt) ទាក់ទងនឹងការទាញយកទិន្នន័យ ឯកជនភាពរបស់អ្នកប្រើប្រាស់នោះថា មិនមែនដើម្បីសម្រាប់ការពារ ទិន្នន័យឯកជនភាពទេ ផ្ទុយទៅវិញគឺវាដើម្បីឱ្យក្រុមហ៊ុន Apple ទាញយកផលចំណេញតែប៉ុណ្ណោះ។
ទាក់ទងនឹងការចោទប្រកាន់នេះ អង្គការដែលមិនរកផលចំណេញ EFF (Electronic Frontier Foundation) បានបញ្ចេញមតិថា ការចោទប្រកាន់របស់ក្រុមហ៊ុនហ្វេសប៊ុក គឺជារឿងគួរឱ្យអស់សំណើចទៅវិញ។ ក្រុមហ៊ុនហ្វេសប៊ុកបានអះអាងថា មុខងារថ្មីនេះនឹងធ្វើឱ្យប៉ះពាល់ ដល់អ្នកធ្វើពាណិជ្ជកម្មធុនតូច ប៉ុន្តែអង្គការ EFF គិតថា “ការប៉ះពាល់នោះគឺក្រុមហ៊ុនហ្វេសប៊ុក តែម្ដងដែលប្រឈមនឹងការខាតបង់ ដោយសារតែអ្នកប្រើប្រាស់បានយល់ដឹង អំពីការលក់ទិន្នន័យ និងឥទ្ធិពលរបស់ហ្វេសប៊ុក ដែលបានតាមដានគ្រប់អ្វីៗទាំងអស់”។
បើតាមការស្រាវជ្រាវរបស់ក្រុមហ៊ុន Computer and Communications Industry Association (CCIA) ដែលអង្គការ EFF យកមកបង្ហាញបញ្ជាក់ឱ្យឃើញថា ប្រាក់ចំណេញភាគច្រើនដែល បានមកពីការទាញយកទិន្នន័យ និងផ្សព្វផ្សាយពាណិជ្ជកម្មនោះ គឺមិនបានទៅដល់ដៃអ្នកអភិវឌ្ឍ កម្មវិធីតូចតាចនោះទេ ប៉ុន្តែវាគឺជាផលចំណេញ សម្រាប់ក្រុមហ៊ុនធំៗដូចជា Facebook, Google និងក្រុមហ៊ុនធំៗមួយចំនួនទៀត ដែលមិនបានបញ្ចេញឈ្មោះ។ ជាចុងក្រោយអង្គការ EFF បានកោតសរសើរក្រុមហ៊ុន ដែលបានបន្ថែមមុខងារថ្មីនេះ ហើយបានចាត់ទុកថា នេះគឺជាជំហានដ៏ល្អមួយ សម្រាប់ទៅថ្ងៃអនាគត។
គួររំឭកផងដែរថា កាលពីដើមសប្តាហ៍មុនក្រុមហ៊ុន Mozilla ដែលជាក្រុមហ៊ុនមិនរក ផលចំណេញមួយទៀតនោះ បានចេញសេចក្ដីរាយការណ៍គាំទ្រក្រុមហ៊ុន Apple ដែលបានបន្ថែមមុខងារនេះ ព្រោះការទាញយកទិន្នន័យឯកជនភាព របស់អ្នកប្រើប្រាស់នាពេលបច្ចុប្បន្ន គឺវាមានច្រើនលើសលប់ ៕