វិធានការសំខាន់ ៣ចំណុច ដើម្បីការពារការចម្លងបន្តចូលមកកម្ពុជា ក្រោយថៃផ្ទុះការឆ្លងកូវីដ១៩ ក្នុងសហគមន៍នៅខេត្តសាមុតសាខន

0

ភ្នំពេញ៖ យោងតាមសេចក្តីណែនាំបន្ទាន់ របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីការការពារការចម្លងបន្ត ពីការផ្ទុះនូវការចម្លងវីរុសកូវីដ-១៩ នៅខេត្តសាមុតសាខន នៃប្រទេសថៃ ក្នុងពេលថ្មីៗនេះ។

ដើម្បីការពារការចម្លងបន្តពីការផ្ទុះឡើងនូវវីរុសកូវីដ-១៩ ដែលបានកើតឡើងខាងលើនេះ នាំចូលមកព្រះរាជាណាចក្រកម្ពុជា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមធ្វើការណែនាំដល់នាយប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិទាំងអស់ ជាពិសេសច្រកទ្វារនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដូចតទៅ៖

១-ត្រូវបន្តរួមសហការយ៉ាងជិតស្និទ្ធ ជាមួយមន្ត្រីក្រសួងសុខាភិបាលធ្វើការត្រួតពិនិត្យ ជាពិសេសដំណើរចូលរបស់ភ្ញៀវបរទេស និងពលរដ្ឋខ្មែរដែលចូលមកពីប្រទេសថៃ ឱ្យបានហ្មត់ចត់ ដោយតម្រូវឱ្យពួកគាត់ធ្វើការធ្វើចត្តាឡីស័កត្រឹមត្រូវតាមការកំណត់។

២-យកចិត្តទុកដាក់គ្រប់គ្រង និងល្បាតត្រួតពិនិត្យស្លាបឆ្វេង ស្លាបស្តាំ ក្នុងដែនសមត្ថកិច្ចច្រកទ្វារឱ្យបានច្បាស់លាស់ និងត្រូវឃាត់អ្នកដំណើរចូល ជាពិសេសពលរដ្ឋខ្មែរដែលចូលពីប្រទេសថៃ ដើម្បីយកមកប្រគល់ឱ្យមន្ត្រីភ្នាក់ងារសុខាភិបាល ធ្វើការត្រួតពិនិត្យសុខភាព និងធ្វើចត្តាឡីស័ក ឱ្យបានហ្មត់ចត់។

៣-ត្រូវយកចិត្តទុកដាក់ធ្វើការណែនាំ ក្រើនរំលឹកដល់មន្ត្រីនគរបាលអន្តោប្រវេសន៍ ដែលប្រចាំការនៅច្រកទ្វារឲ្យយកចិត្តទុកដាក់រក្សាគម្លាតបុគ្គល រក្សាអនាម័យលាងដៃនឹងសាប៊ូ អាកុល ឬជែល និង ប្រុងប្រយ័ត្នការឆ្លងពីអ្នកដំណើរដែលចូលមកព្រះរាជាណាចក្រកម្ពុជា៕