ភ្នំពេញ៖ ជនសង្ស័យប្រដាប់ដោយកាំបិត និងដាវមួយក្រុម មានគ្នាប្រមាណ ១០នាក់ បានដេញកាប់ប្រហារយុវជនម្នាក់ និងនារីម្នាក់ទៀត បណ្តាលឲ្យរងរបួស រួចប្លន់យកម៉ូតូ បានសម្រេច គេចខ្លួនបាត់ដោយសុវត្ថិភាព ។ ហេតុការណ៍ នេះបានបង្កការភ្ញាក់ផ្អើល កាលពីម៉ោង ១០៖១០នាទីយប់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ នៅខាងត្បូងក្លោងទ្វារវត្តព្រៃស្ពឺ តាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល ។
ជនរងគ្រោះឈ្មោះ យិន យ៉េន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាងម៉ាស៊ីនផលិតដបទឹកសុទ្ធ ស្នាក់នៅសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ។ ម៉ូតូដែលជនសង្ស័យកាប់ប្លន់ យកនោះម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០២០ ឡើងតែមឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1IN-8749 ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់ បានជិះម៉ូតូចេញពីផ្ទះពូនៅម្តុំអូឌឹម ជាមួយមិត្តភក្តិ ដោយជិះម៉ូតូតាម បណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ដោយសារជិះច្រឡំផ្លូវដោយការដ្ឋាន កំពុងសាងសង់ផ្លូវចាក់ខ្សាច់បិទផ្លូវម្ខាង ភ្លាមនោះរូបគាត់ក៏បត់ម៉ូតូទៅក្រោយវិញ ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នាជិត ១០នាក់ ម៉ូតូ៤ទៅ៥គ្រឿង ប្រដាប់ដោយកាំបិត មកកាប់ប្រហារបណ្តាលឲ្យរងរបួសធ្ងន់ ធ្វើឲ្យគាត់ភ័យរត់ចេញពីម៉ូតូ។ បន្ទាប់មកជនសង្ស័យ ក៏យកម៉ូតូរបស់ជនរងគ្រោះ ជិះគេចខ្លួនបាត់ស្រមោល ។
ក្រោយកើតហេតុ អស់រយៈពេលជាយូទើបឃើញ វត្តមានសមត្ថកិច្ចមូលដ្ឋាន ចុះទៅដល់ចំណុចកើតហេតុពិនិត្យជាក់ស្តែង រួចបានឲ្យជនរងគ្រោះទៅផ្ទះ សម្រាកព្រឹកឡើងចាំមកទទួលពាក្យបណ្តឹង ៕