ជនអនាមិកបានបង្កើតកម្មវិធីហ្គេម Cyberpunk 2077 ក្លែងក្លាយដើម្បីអ៊ីនគ្រីប ទិន្នន័យជំរិតទារប្រាក់

0

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ហ្គេម Cyberpunk 2077 របស់ក្រុមហ៊ុន CD Projekt RED គឺជាហ្គេមដែលកំពុងតែមាន ភាពពេញនិយមខ្លាំងគួរសមដែរ នៅក្នុងទសវត្សរ៍ចុងក្រោយនេះ ហើយមានអ្នកលេងហ្គេម រាប់លានអ្នកបានទាញយកកម្មវិធីនេះ ប៉ុន្តែនៅពេលថ្មីៗនេះក្រុម អ្នកស្រាវជ្រាវរបស់ក្រុមហ៊ុន Kaspersky ដែលជាក្រុមហ៊ុនបង្កើតកម្មវិធី កម្ចាត់មេរោគដ៏ល្បីមួយនោះ បានរកឃើញគេហទំព័រ ក្លែងក្លាយដែលមានរូបភាព និងទម្រង់ស្រដៀងនឹង Google Play Store ដែលជនអនាមិកបានប្រើ ដើម្បីចែកចាយកម្មវិធីហ្គេម Cyberpunk ដោយមានមេរោគអ៊ិនគ្រីប ទិន្នន័យដើម្បីជំរិតទារប្រាក់។

ជាសំណាងល្អ ជនអនាមិកបានប្រើកម្មវិធីជំរិតទារប្រាក់ CoderWare ដើម្បីក្លែងបន្លំជាកម្មវិធីហ្គេមខាងលើ សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android ដែលអាចធ្វើឱ្យអ្នកស្រាវជ្រាវ ឃើញនូវលេខកូដដែលគេ បានប្រើដើម្បីអ៊ិនគ្រីបទិន្នន័យ ដូច្នេះប្រសិនបើអ្នកប្រើប្រាស់មាន ចំណេះដឹងគួរសមដែរនោះ ពួកគេមិនចាំបាច់បង់លុយ ដើម្បីឌីគ្រីបទិន្នន័យបានមកវិញនោះទេ។

គួរបញ្ជាក់ផងដែរថា កាលពីខែវិច្ឆិកាកន្លងទៅក្រុម អ្នកស្រាវជ្រាវនៅក្រុមហ៊ុន MalwareHunterTeam ក៏បានរកឃើញកម្មវិធីជំរិតទារប្រាក់ សម្រាប់ប្រព័ន្ធប្រតិបត្តិការ Windows បន្លំធ្វើជាកម្មវិធី Windows Cyberpunk 2077 ដែលប្រើប្រាស់ប្រភេទមេរោគ BlackKingdom។ ដោយមើលឃើញពីហានិភ័យ ក្នុងការទាញយកកម្មវិធី ដោយមិនបានបង់លុយនោះ នាយកដ្ឋានសូមឱ្យអ្នកប្រើប្រាស់ មានការប្រុងប្រយ័ត្នក្នុង ការទាញយកកម្មវិធីផ្សេងៗ ម្យ៉ាងវិញទៀតសូមធ្វើការ backup ទិន្នន័យនៅក្នុងកុំព្យូទ័ររបស់លោកអ្នកជាប្រចាំ ដើម្បីចៀសវាងពីការបាត់បង់ក្នុងករណី ដែលមានការវាយប្រហារជំរិត ទារប្រាក់ណាមួយនោះកើតឡើង ៕