ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០នេះ បានអោយដឹងថា សម្ដេចសូមចូលរួមបរិច្ចាកប្រាក់បៀវត្សចំនួន៦ខែ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២១ ដែលជាការបរិច្ចាគបន្ថែមពីពេលមុននេះនូវប្រាក់បៀវត្សចំនួន៣ខែ ដូច្នេះ សរុបទាំងអស់ចំនួន៩ខែ ជូនមូលនិធិប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩។
តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក សម្ដេចក្រឡាហោម ស ខេង បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំព្រះករុណាខ្ញុំបានបន្តចូលរួមគាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល ដោយសូមចូលរួមបរិច្ចាកប្រាក់បៀវត្សចំនួន៦ខែ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២១ ដែលជាការបរិច្ចាគបន្ថែមពីពេលមុននេះនូវប្រាក់បៀវត្សចំនួន៣ខែ ដូច្នេះ សរុបទាំងអស់ចំនួន៩ខែ ជូនមូលនិធិប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩»។
ជាមួយគ្នានេះ សម្ដេចក៏បានអំពាវនាវបងប្អូន ជនរួមជាតិទាំងអស់បន្តចូលរួមគាំទ្រ និងអនុវត្តឱ្យបានខ្ចាប់ខ្ចួននូវវិធានការរបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ ក្រសួងសុខាភិបាលដើម្បី យើងអាចរួមគ្នាទប់ស្កាត់ បាននូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ៕