ប្រយ័ត្ន៖ សារបញ្ឆោតចម្លងមេរោគ កំពុងតែវាយលុកអ្នកប្រើប្រាស់ Telegram !

0

នាយកដ្ឋានព័ត៌មានវិទ្យា​ បានឲ្យដឹងថា កាលពីប៉ុន្មានម៉ោងមុននេះ ក្រុមការងារទទួលបានព័ត៌មាន ស្តីពីករណីចែករំលែកសារកម្មវិធី Telegram ដោយធ្វើការបន្លំអត្តសញ្ញាណ ជាថ្នាក់ដឹកនាំក្នុងគោលបំណង ចម្លងមេរោគកុំព្យូទ័រ។

បន្ទាប់ពីការវិភាគបឋម លើឯកសារមេរោគ ក្រុមការងារបច្ចេកទេសនៃ នាយកដ្ឋានព័ត៌មានវិទ្យា បានរកឃើញថាឯកសារ ក្នុងសារដែលបានចែករំលែក នោះមានបង្កប់នូវកូដមេរោគ (Malicious Code) ដែលមានគោលបំណងដូចខាងក្រោម៖

-អូសទាញជនរងគ្រោះទាញយកឯកសារ ZIP File ដែលមានបង្កប់មេរោគ EXE ដែលបានផ្ញើមកកាន់ប្រអប់សារ Telegram

-នៅពេលចុចលើឯកសារ “Document.docx~.exe” វានឹងថតចម្លង និងដំណើរការឯកសារ “chrome.dll”

-ឯកសារ DLL បង្កប់នូវកូដមេរោគ បញ្ចូលក្នុង Rundll32 Process (Injection) និងឯកសារមួយចំនួនក្នុងម៉ាស៊ីកុំព្យូទ័ររងគ្រោះ (ឧទាហរណ៍៖ ឯកសារ chrome.dll ទៅកាន់ Drive C និងឯកសារ COVID.html ទៅកាន់ទីតាំង Tempory ។ល។)

-មេរោគធ្វើការបើកកម្មវិធីផ្ទាំងអ៊ីនធឺណេត (IExplorer) និងបង្ហាញពីព័ត៌មានអំពីមេរោគកូវីដ១៩ និងវ៉ាក់សាំងនៅអាមេរិក ដែលជាអត្ថបទទាញចេញពីឯកសារ COVID.html

-វាជាប្រភេទមេរោគ Trojan Horse (Generic.ml) ដែលមានសមត្ថភាពអនុញ្ញាតការបញ្ជាកុំព្យូទ័រពីចម្ងាយ (Remote Access) និងលួចយករាល់ព័ត៌មាន ដែលជនរងគ្រោះបានវាយលើក្តារចុច Keyboard (Keylogger)

-មេរោគប្រភេទនេះ តែងតែចម្លងដោយប្រើប្រាស់អ៊ីម៉ែល ជាមួយការភ្ជាប់ឯកសារមេរោគ (Email Phishing) ឬការផ្ញើឯកសារមេរោគ តាមបណ្តាកម្មវិធីទំនាក់ទំនងសង្គម (Messenger) ជាដើម។

ដើម្បីការពារខ្លួនពីល្បិចបញ្ឆោតខាងលើ សូមបងប្អូនប្រជាពលរដ្ឋមេត្តាកុំចុចតំណភ្ជាប់ ឬឯកសារសង្ស័យ ដែលទទួលបានក្នុងប្រអប់សារអ៊ីម៉ែល ឬសារកម្មវិធីទំនាក់ទំនងសង្គម (ឧទាហរណ៍៖ កម្មវិធី Telegram Messenger ។ល។) ជៀសវាងការទាញយក ឬដំឡើងឯកសារមេរោគ។ ម្យ៉ាងវិញទៀត សូមអ្នកធ្វើការដំឡើង ធ្វើបច្ចុប្បន្នភាពកម្មវិធីកម្ចាត់មេរោគ និងស្កេនមេរោគក្នុងម៉ាស៊ីនកុំព្យូទ័រ របស់លោកអ្នកជាប្រចាំ ៕