ភ្នំពេញ៖ គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នឹងចាប់ផ្ដើម ប្រកាសរាប់ថយក្រោយជាផ្លូវការ នៃដំណើរឆ្ពោះទៅរៀបចំស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដោយចាប់រាប់ពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ តទៅរហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ដែលមានរយៈពេល ១០០០ថ្ងៃគត់ ។
ក្នុងកិច្ចប្រជុំបូកសរុប លទ្ធផលការងារឆមាសទី១ ឆ្នាំ២០២០ និងលើកទិសដៅបន្ត របស់គណៈកម្មាធិការជាតិរៀបចំ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានឲ្យដឹងថា ចំពោះបញ្ហាស្លាកសញ្ញា និមិត្តសញ្ញា និងបាវចនាស៊ីហ្គេម ឆ្នាំ២០២៣នោះ CAMSOC បានឯកភាពលើការ សម្រេចលើស្លាកសញ្ញា និមិត្តសញ្ញា និងបាវចនា (ឬពាក្យស្លោក) ដោយ៣ទម្រង់នេះយើងបាន សម្រេចជាគោលការណ៍ហើយ ដោយនៅកែសម្រួលតែបន្តិចបន្តួចប៉ុណ្ណោះ នៅក្នុងពាក្យពេចន៍នៃបាវចនា ខណៈស្លាកសញ្ញានិងនិមិត្តសញ្ញា ត្រូវបានឯកភាពទាំងស្រុង។
លោកអគ្គលេខាធិការបញ្ជាក់ថា យើងបានទទួលយក នូវការសម្រេចដ៏ខ្ពង់ខ្ពស់ របស់សម្តេចពិជ័យសេនា ទៀ បាញ់ ប្រធាន CAMSOC រួចហើយ ហើយយើងបានសម្រចទៅលើ យន្តការនៃការប្រកាសជាផ្លូវការ ក្រោយពីសម្រេចចុងក្រោយ ពីប្រមុខរាជរដ្ឋាភិបាល ដើម្បីឲ្យគណៈកម្មការ ជំនាញទាំងអស់នៃ CAMSOC នឹងចាប់ផ្តើមដំណើរការ នាពេលបន្តបន្ទាប់ ៕