ប្រមុខការពារជាតិ ស្នើអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តទប់ស្កាត់ការកាប់ទន្ទ្រានដីព្រៃ យកធ្វើជាកម្មសិទ្ធិ

0

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានស្នើឲ្យអាជ្ញាធរគ្រប់ លំដាប់ថ្នាក់ទាំងអស់ ត្រូវតែបន្តទប់ស្កាត់នូវការកាប់ព្រៃ និងទន្ទ្រានដីព្រៃ យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ។

ក្នុងកិច្ចប្រជុំបូកសរុប លទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្ត បន្តឆមាសទី២ ឆ្នាំ២០២០ ដើមី្បត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅខេត្តសៀមរាប នាថ្ងៃទី១៩ កក្កដា សម្តេច ទៀ បាញ់ បានលើកឡើងថា នៅខែសីហាខាងមុខនេះ រាជរដ្ឋាភិបាលបាន អនុញ្ញាតឲ្យមន្ត្រីរាជការ និយជិត និងកម្មករឈប់សម្រាករយៈពេល ៥ថ្ងៃ ដូចនេះខេត្ត និងអាជីវករ ដែលជាម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋានត្រៀម ទទួលភ្ញៀវទេសរជាតិ ទោះបីស្ថានភាពភ្ញៀវទេសចរអន្តរជាតិ ពុំទាន់មានការកើនឡើងក៏ដោយ តែទោះជាយ៉ាងណា ត្រូវប្រកាន់ភ្ជាប់នូវគោលការណ៍ ណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩។

សម្តេច ក៏បានណែនាំដល់អាជ្ញាធរស្រុកវ៉ារិន ស្រុកស្វាយលើដែលមានបញ្ហាព្រំប្រទល់ រដ្ឋបាលត្រូវធ្វើការដោះស្រាយ ជាមួយស្រុក និងស្រុកសិន ប៉ុន្តែប្រសិនជាការដោះស្រាយនេះ ពុំបានលទ្ធផលយ៉ាងណានោះ ក្រសួងមហាផ្ទៃនឹងចុះមកដោះស្រាយ ដើម្បីបញ្ចប់បញ្ហា។ ម្យ៉ាងទៀត ចំពោះប្រព័ន្ធធារាសាស្ត្រ និងសំណង់ទ្វារទឹកនៅតំបន់ភ្នំគូលេន ក្រសួងធនធានទឹក និងឧតុនិយមពិនិត្យលទ្ធភាព និងលើកចូលក្នុងផែនការ ឆ្នាំ២០២១ របស់ក្រសួង ដើម្បីធ្វើការទប់ទឹក សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ និងអាស្រ័យផលក្នុងរដូវប្រាំង ។

សម្ដេចពិជ័យសេនា បញ្ជាក់ថា «មួយវិញទៀត ស្នើដល់អាជ្ញាធរគ្រប់ លំដាប់ថ្នាក់ទាំងអស់ ត្រូវតែបន្តការទប់ស្កាត់នូវការរាប់ព្រៃ និងទន្ទ្រានដីព្រៃវាតធ្វើជាកម្មសិទ្ធិ។ ដោយឡែកចំពោះការធ្វើ អត្តសញ្ញាណប្រជាជនក្រីក្រ និងការផ្តល់សាច់ប្រាក់ ដល់ប្រជាពលរដ្ឋក្រីក្រ ត្រូវធ្វើឱ្យមានតម្លាភាព និងចំគោលដៅជៀសវាង មានការថ្នាំងថ្នាក់គ្នារវាងប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន» ។

សម្តេចបន្ថែមថា ចំពោះអាជ្ញាធរក្រុងដែលបាន លើកពីបញ្ហាការវិនិយោគ រោងចក្រកែច្នៃសំរាមនេះ គឺចំណុចវិជ្ជមានថ្មីមួយទៀត ដែលអាចលើកកម្ពស់អនាម័យបរិស្ថាន និងសោភ័ណភាពក្រុងឱ្យកាន់តែ ប្រសើរឡើងថែមមួយកម្រិតទៀត។

សម្តេច សង្កត់ធ្ងន់ថា ចំពោះស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងខេត្តសៀមរាប គឺមានស្ថានភាពល្អ ដោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានសហការគ្នាក្នុងការទប់ស្កាត់ និងតាមដានជាប្រចាំ ពិសេសបានធ្វើចត្តាឡីស័ក ដល់បងប្អូនប្រជាពលរដ្ឋ ដែលវិលត្រឡប់មកពីក្រៅប្រទេស។

សម្តេចបន្តថា បញ្ហាកូវីដ-១៩ នេះក៏ពុំទាន់មានការឆ្លង ជាសហគមន៍ និងនរណាម្នាក់បានស្លាប់នោះទេ តែគឺជាការនាំចូលតែប៉ុណ្ណោះ ទោះជាបែបនេះក្តីយើងក៏ត្រូវបង្កើន នូវការប្រុងប្រយ័ត្នដដែរ ជៀសវាងការឆ្លងជំងឺកូវីដ-១៩ ដោយប្រការណាមួយ ៕