ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឲ្យដឹងថា រហូតដល់ម៉ោង ៨:៣០ព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០នេះ កម្ពុជាពុំរកឃើញករណីជំងឺកូវីដ-១៩ ថ្មីទេ ដូច្នេះចំនួនសរុបកូវីដ-១៩ នៅ ១៧១នាក់ដដែល ចំនួនសំរាកនៅពេទ្យព្យាបាល ៣៥នាក់ ចំនួនជាសះស្បើយសរុបចំនួន ១៣៦នាក់ និងស្លាប់គ្មាន ។
នាយកដ្ឋានបបន្តថា ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាងយើង និងពិភពលោកកំពុងបន្ត រាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ ។
នាយកដ្ឋានបន្ថែមថា យើងត្រូវបន្តអនុវត្ត គម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។
យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។ យើងត្រូវបន្តពាក់ម៉ាស់ នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសកម្ពុជា រកឃើញករណីជំងឺកូវីដ១៩ ដំបូងបំផុតនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ។ កម្ពុជាបានធ្វើតេស្តចំនួន 52502 ស្មើនឹង 3162 ក្នុង ១លាននាក់ ៕