ភ្នំពេញ៖ ក្រោយមានការផ្អាកមួយរយៈ នៃព្រឹត្តិការណ៍ប្រកួតកីឡានានា ដោយសារជំងឺកូវីដ១៩ ពេលនេះក្រសួងទេសចរណ៍ បានអនុញ្ញាតឱ្យម្ចាស់ និងអ្នកគ្រប់គ្រងទីលាន វាយកូនគោលរៀបចំព្រឹត្តិការណ៍ ឬការប្រកួតដណ្តើមពានរង្វាន់ កីឡាវាយកូនគោលឡើងវិញជាជំហានៗ ប៉ុន្តែត្រូវអនុវត្តតាមលក្ខខណ្ឌ សុវត្ថិភាពមួយចំនួន។
នៅក្នុងសេចក្ដីជូនដំណឹង របស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា យោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ (COVID-19) ស្តីពីការដាក់ឱ្យ ដំណើរការឡើងវិញនូវ វិស័យកីឡាជាជំហានៗ ក្រសួងទេសចរណ៍ អនុញ្ញាតឱ្យម្ចាស់ និងអ្នកគ្រប់គ្រងទីលាន វាយកូនគោល អាចរៀបចំព្រឹត្តិការណ៍ ឬការប្រកួតដណ្តើមពានរង្វាន់ កីឡាវាយកូនគោលឡើងវិញជាជំហានៗ ប៉ុន្តែត្រូវអនុវត្តតាមលក្ខខណ្ឌ សុវត្ថិភាពមួយចំនួនដូចខាងក្រោម៖
១. ការរៀបចំព្រឹត្តិការណ៍ ឬការប្រកួតដណ្តើមពានរង្វាន់កីឡាវាយកូនគោល មិនអនុញ្ញាតឱ្យមានចំនួនកីឡាករ និង គណៈកម្មការរៀបចំការប្រកួត ច្រើនលើសពី១០០នាក់ ក្នុងពេលតែមួយ និងមិនអនុញ្ញាតឱ្យមានទស្សនិកជន។
២ រាល់ការរៀបចំព្រឹត្តិការណ៍ និងការប្រកួតត្រូវគោរពតាមនិយាមបច្ចេកទេស ដើម្បីធានាសុវត្ថិភាព។
៣ ត្រូវរៀបចំបាញ់ទឹក អាល់កុល សម្លាប់មេរោគនៅច្រកចូល និងត្រួតពិនិត្យកម្តៅ បុគ្គលិកបម្រើការ កីឡាករ មុនអនុញ្ញាតឱ្យចូលក្នុងបរិវេណទីលានវាយកូនគោល។
៤ត្រូវរក្សាគម្លាតសុវត្ថិភាព ស្របតាមការណែនាំ របស់ក្រសួងសុខាភិបាល (យ៉ាងតិច១.៥០ម៉ែត្រ) និងធ្វើការ សម្អាតសម្ភារៈ ឧបករណ៍វាយកូនគោល ទាំងអស់ជាមួយទឹកអាល់កុលជាប្រចាំ មុនពេលអំឡុងពេល និងក្រោយពេល ប្រើប្រាស់ ដើម្បីសម្លាប់មេរោគ និងហាមចាប់ដៃស្វាគមន៍ ដោយជំនួសការលើកដៃសំពះ គ្នាទៅវិញទៅមក ។
៥. បុគ្គលិក ត្រូវពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ គ្រប់ពេលវេលា និងធ្វើការត្រួតពិនិត្យ ជូតសម្អាតសម្ភារៈឧបករណ៍ វាយកូនគោលទាំងអស់ ជាមួយទឹកអាល់កុល មុនពេលដាក់ចូលទៅក្នុង រថយន្តវាយកូនគោល (Golf Cart)
៦ ត្រូវរៀបចំទីលានវាយកូនគោល និងគ្រប់គ្រងការរៀបចំព្រឹត្តិការណ៍ ឬការប្រកួតដណ្តើមពានរង្វាន់កីឡា វាយកូនគោលឱ្យ បានត្រឹមត្រូវតាមវិធាន និងការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីធានាបាននូវសុវត្ថិភាព ក្នុងការទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ (COVID-19) រលកទី២៕