កាសែតអង់គ្លេស The Mirror នៅថ្ងៃព្រហស្បតិ៍ទី២៦ខែមិនានេះបានឲ្យដឹងថាក្លឹបបិសាចក្រហម Man United មកដល់ពេលនេះកំពុងស្ថិតនៅក្នុងទីតាំងនាំមុខគេសម្រាប់ការផ្ទេរយកកីឡាករខ្សែប្រយុទ្ធ Jadon Sancho ពីក្លឹប Borussia Dortmund ក្នុងតម្លៃ១២០លានផោន។

ការលើកឡើងនេះធ្វើឡើងនៅក្រោយពេលដែលបានទទួលព័ត៌មានថាក្លឹបតោខៀវ Chelsea បានសម្រេចចិត្តដកខ្លួនចេញពីការប្រជែងដើម្បីនាំយកកីឡាករខ្សែប្រយុទ្ធវ័យក្មេងរូបនេះមកអង់គ្លេសដោយសារតែបញ្ហាធំបំផុតគឺតម្លៃខ្លួនប៉ុន្តែជឿជាក់ថា Man United នឹងត្រូវរងចាំមើលក្លឹបផ្សេងទៀតដូចជា Liverpool, Barcelona និង Real Madrid ផងដែរ។

កីឡាករ Sacho ដែលទើបតែមានអាយុ២០ឆ្នាំកាលពីថ្ងៃពុធម្សិលមិញនេះបានផ្ទេរមក Dortmund កាលពីឆ្នាំ២០១៧ក្នុងតម្លៃខ្លួន៨លានផោនប៉ុណ្ណោះប៉ុន្តែ២រដូវកាលចុងក្រោយនេះបានធ្វើឲ្យរូបគេឡើងតម្លៃខ្លួនគុណនឹង១០ដងលើទីផ្សារដោះដូរកីឡាករ៕
ប្រែសម្រួល៖Lee
