អ៊ុំ វិចិត្រ បញ្ចេញចំណាប់អារម្មណ៍ក្រោយ រក្សាសំណាញ់ទីមិនឲ្យរបូត

0

ភ្នំពេញ៖ កាលពីថ្ងៃអាទិត្យកន្លងទៅនេះក្រុមម្ចាស់ផ្ទះ ភ្នំពេញក្រោន បានប្រកួតស្មើរជាមួយក្រុម ព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ០ទល់០ នៅស្មៅធម្មជាតិកីឡដ្ឋាន Smart RSN ខណៈដែល អ៊ុំ វិចិត្រ ក៏បានបញ្ចេញចំណាប់អារម្មណ៍ផងដែរ។

អ្នកចាំទីវ័យ ២៦ ឆ្នាំ បាននិយាយថា « ការរារាំងមិនឲ្យគេទាត់បញ្ចូលទីគឺជាអ្វីដែលអ្នកចាំទីគ្រប់រូបចង់បាន ដូច្នេះខ្ញុំនឹងខិតខំប្រឹងប្រែងឲ្យបានល្អដើម្បីការពារសំណាញ់ទីដើម្បីអ្នកគាំទ្រ និងក្រុមរបស់យើង ។ យើងមានក្តីបារម្ភបន្តិចបន្តួចដែរ សម្រាប់ការប្រកួតក្រោយៗនេះ តែបើមើលលើសមត្ថភាពក្រុមរបស់ពួកយើងគឺពួកយើងក៏មិនធម្មតាដែរ ដូច្នេះយើងត្រូវតែហ៊ានប្រកួតជាមួយពួកគេ » ។

អតីតសមាជិកជម្រើសជាតិរូបនេះក៏បន្ថែមផងដែរថា ពួកយើងពិតជាសប្បាយចិត្តសម្រាប់លទ្ធផលថ្ងៃនេះ បើទោះបីជាយើងមិនឈ្នះក្រុមស្វាយរៀងក៏ពិតមែន ។ វាដូចអ្វីដែលក្រុមការងារបានលើកឡើងអញ្ចឹង នៅពេលដែលយើងលេងក្នុងដីគឺយើងត្រូវតែព្យាយាមយក៣ពិន្ទុ សម្រាប់ថ្ងៃនេះក្រុមរបស់យើងមានឱកាសច្រើនដែរ ប៉ុន្តែយើងមិនមានសំណាង។

សូមបញ្ជាក់ថា ឆ្លងកាត់ការប្រកួត ៤ លើកកន្លងមក ក្រុមភ្នំពេញក្រោន មិនទាន់ស្គាល់ចាញ់នៅឡើយ ដោមាន ១០ពិន្ទុក្នុងដៃឈរកំពូលតារាង នៃលីគកំពូលកម្ពុជារដូវកាល២០២០នេះ  ដោយឈ្នះ ៣ លើក និងស្មើរម្តង ស្របពេលដែល អ៊ុំ វិចិត្រ បង្ហាញខ្លួន ៣ លើកឲ្យក្រុមមិនទាន់របូតគ្រាប់បាល់ទេ កំពុងឈរកំពូលតារាង Clean sheets ៕