ភ្នំពេញ៖យប់ថ្ងៃដំបូងក្នុងយុទ្ធនាការត្រួតពិនិត្យជាតិស្រវឹងនារាត្រីទូទាំងរាជធានីភ្នំពេញសមត្ថកិច្ចបានឃាត់ឮម៉ូតូ ៣៨៩គ្រឿង និងរថយន្ត ១៤គ្រឿង យកមករក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីធ្វើការអប់រំ ណែនាំ និង ផាកពិន័យ។
ស្នងការនគរបាលរាជធានីភ្នំពេញ ក្រោយពីប្រកាសថា ចាប់ពីថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២០ នេះ តទៅ នឹងចាប់ផ្តើមចុះអនុវត្តរឹតបន្តឹង ច្បាប់ចរាចរណ៍ផ្លូវគោក ចាប់ពីម៉ោង ២៣៖០០នាទី ដល់ម៉ោង២:៣០នាទី រំលងអាធ្រាត្រ ជាលទ្ធលយប់ថ្ងៃដំបូង ធ្វើការឃាត់រថយន្ត ដែលបើកបរក្នុងស្ថានភាពស្រវឹង ចំនួន ១៤គ្រឿង និងម៉ូតូ ១៥គ្រឿង ថែមទាំងករណី គ្រឿងញៀន ១ករណីផងដែរ ។
យោងតាមការ បញ្ជាក់របស់លោក ស ថេត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តាមបណ្តាញសង្គមហ្វេសប៊ុក បានឲ្យដឹងនៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ ថា “លទ្ធផលត្រួតពិនិត្យ និងរឹតបន្តឹងច្បាប់ ចរាចរណ៍ផ្លូវគោក នៅយប់ថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២០ ។ ១. អត់ពាក់ពួកសុវត្ថិភាព ៣៧៤ គ្រឿង, ២. អត់កញ្ចក់ ១ គ្រឿង, ៣. ស្រវឹង ( រថយន្ត ) ១៤ គ្រឿង , ម៉ូតូ ១៥ គ្រឿង និង៤. គ្រឿងញៀន ១ករណី” ។
លោកបានបញ្ជាក់ថា “សរុប ឃាត់បានម៉ូតូ ៣៨៩គ្រឿង និងរថយន្ត ១៤គ្រឿង យកមករក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីធ្វើការអប់រំ ណែនាំ និង ផាកពិន័យ” ៕






