កីឡាករខ្សែប្រយុទ្ធឈីលី Alexis Sanchez បច្ចុប្បន្ននៅកំពុងបន្តលេង ក្នុងលក្ខណ្ឌខ្ចីជើងនៅឡើយនៅទឹកដី San Siro នៃក្លឹប Inter Milan ប៉ុន្តែកំពុងស្ថិតនៅក្នុងស្ថានភាព មិនទាន់ច្បាស់លាស់នៅឡើយ ដោយសាររបួសបន្តញាំញីរហូតមក។
កាសែតអង់គ្លេស The Mirror នៅថ្ងៃនេះបានសរសេរថា Inter Milan ដោយសម្លឹងមើលឃើញឱកាសនោះ គឺបានកំពុងធ្វើការទាក់ទងជាមួយនឹងកីឡាកររូបនេះហើយ ដើម្បីចុះកុងត្រាផ្ទេរជាផ្លូវការ ពីក្លឹបបិសាចក្រហម Man United។ ប៉ុន្តែតាមអ្វីដែលកីឡាករ ធ្លាប់បានបញ្ជាក់ប្រាប់ច្បាស់ទៅក្លឹបថា រូបគេនឹងចង់បានប្រាក់កម្រៃ យ៉ាងហោចណាស់ពាក់កណ្តាល នូវអ្វីដែលខ្លួនទទួលបានបច្ចុប្បន្ន។
នេះមានន័យថា Inter Milan ត្រូវបង្ខំចិត្តផ្តល់កុងត្រា ដែលមានប្រាក់កម្រៃប្រចាំសប្តាហ៍ ២០ម៉ឺនផោន ក្នុងមួយសប្តាហ៍។ ផ្លាស់មកលេងនៅអ៊ីតាលី បានមួយរយៈ Sanchez បានរកគ្រាប់តែ១គ្រាប់គត់ និងជួយមិត្តរួមក្រុមរកបាន ២គ្រាប់ ប៉ុន្តែរូបគេនឹងបន្តព្យាបាលរបួស យ៉ាងហោចណាស់ ៣ខែទៀត ទើបអាចវិលត្រឡប់មកទីលានបាន៕
ប្រែសម្រួល៖Lee