ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានត្រៀមកម្លាំងអន្តាគមន៍រួចរាល់ ដេីម្បីដេញចាប់អ្នកបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យមនុស្សរងរបួស ឬស្លាប់ហេីយព្យាយាមរត់គេចខ្លួនពីកន្លែងកើតហេតុ ក្នុងគោលបំណងមិនទទួលខុសត្រូវចំពោះមុខច្បាប់។
ក្នុងកិច្ចប្រជុំគណៈស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្តីពីរៀបចំផែនការយុទ្ធសាស្រ្ត សកម្មភាពការងាររយៈពេល៥ឆ្នាំ នៅថ្ងៃទី៣ មីនា ដោយអនុវត្តតាមការណែនាំរបស់ នាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឧត្ដមសេនីយ៍ឯក ស ថេត បានដាក់ចេញនូវវិធានការម៉ឺងម៉ាត់ រៀបចំក្រុមកម្លាំងអន្តរាគមន៍ នគរបាលរាចរយ៉ាងហោចណាស់ ៥០នាក់ ដើម្បីចេញប្រតិបត្តិការដេញបង្រ្កាប និងចាប់អ្នកបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍យកមក ចាត់ការតាមផ្លូវច្បាប់។
ឧត្តមសេនីយ៍ឯក ស ថេត ថ្លែងថា កម្លាំងអន្តរាគមន៍នេះ ក៏ត្រូវការពារសុវត្ថិភាពចំពោះ អ្នកបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ដោយទប់ស្កាត់ មិនឱ្យប្រជាពលរដ្ឋប្រើអំពើហឹង្សាទៅលើអ្នកបើកបរ បង្កគ្រោះថ្នាក់នោះឡើយ។ កម្លាំងអន្តរាគមន៍ក៏ត្រូវចូលរួម សហការជាមួយកម្លាំនគរបាលតាមបណ្តាខណ្ឌនានា ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ផងដែរ។
លោកស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានណែនាំឲ្យត្រួតពិនិត្យកងកម្លាំងឲ្យគោរពវិន័យនគរបាលជាតិ ស្លៀកពាក់ឯកសណ្ឋានឲ្យបានគ្រប់គ្នា និងត្រូវមានអាកប្បកិរិយាសមរម្យ ព្រមទាំងរៀបចំកងកម្លាំងអន្តរាគមន៍ នៅតាមផែនការងារនីមួយៗ និងកម្លាំងអន្តរាគមន៍នៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ១៤ ដើម្បីត្រៀមដោះស្រាយសភាពការសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។
បន្ថែមលេីសពីនេះលោកស្នងការ ក៏បានឲ្យកម្លាំងអន្តរាគមន៍ត្រូវគ្រប់គ្រង ឲ្យបានម៉ត់ចត់ មានមុខប្រចាំការជាប្រចាំ នៅពេលត្រូវការ កម្លាំងអន្តាគមន៍ត្រូវមានមុខ ចេញប្រតិបត្តិការ បើក្នុងករណីគ្រប់គ្រងកម្លាំងមិនបាន និងទទួលខុសត្រូវចំពោះមុខថ្នាក់លើ៕