ការប្រកួតដ៏សំខាន់ត្រូវប៉ះជាមួយនឹងក្លឹប Real Madrid ក្នុងក្របខណ្ឌ Champion League កំពុងក្លាយជាបញ្ហាមួយទៀតសម្រាប់លោក Pep Guardiola ជាពិសេសទំរង់លេងមិនសូវល្អប៉ុន្មានប្រកួតចុងក្រោយនេះ។កីឡាករខ្សែប្រយុទ្ធជួរមុខ Raheem Sterling កំពុងស្ថិតនៅក្នុងបញ្ជីរបួសក្រោយការបង្ហាញខ្លួនក្នុងប្រកួតកាលពីយប់ថ្ងៃអាទិត្យចាញ់ Spurs ក្នុងលទ្ធផល២ទល់នឹង០។
បច្ចុប្បន្នការតេស្តទៅលើរបួសសសៃជើងកំពុងត្រូវបានធ្វើឡើងខណៈដែលព័ត៌មានខ្លះបានអះអាងថា Sterling នឹងមិនអាចបង្ហាញវត្តមានឡើយរហូតទៅដល់២ឬ៣សប្តាហ៍ទៀតដែលនឹងធ្វើឲ្យ Man City អាចជួបបញ្ហាពេលប៉ះនឹង Real Madrid នៅជើងទី១វគ្គ១៦ក្រុមចុងក្រោយនាថ្ងៃទី១៦ខែកុម្ភៈខាងមុខនេះ។
Sterling ពិតជាចង់លេងនៅក្នុងទឹកដីអេស្បាញខ្លាំងណាស់ពីព្រោះកន្លងមកគេអាចលេងបានតែម្តងគត់កាលពីគ្រាលេងឲ្យ Liverpool កាលពីឆ្នាំ២០១៤ហើយលេងបានតែពាក់កណ្តាលតង់ប៉ុណ្ណោះក៏ត្រូវគ្រូបង្វឹកលោក Brendan Rodgers ប្តូររូបគេចេញពីការប្រកួតទៅវិញ៕
ប្រែសម្រួល៖Lee