មកដល់បច្ចុប្បន្ននេះ គ្មានពលរដ្ឋ និងនិស្សិតខ្មែរណាម្នាក់នៅចិន ឆ្លងជំងឺកូរ៉ូណាឡើយ

0

ភ្នំពេញ៖ គិតរហូតមកដល់បច្ចុប្បន្ននេះ ពុំទាន់មានពលរដ្ឋ និងនិស្សិតខ្មែរណាម្នាក់ នៅក្នុងប្រទេសចិន ឆ្លងជំងឺរលាកផ្លូវដង្ហើម បង្កដោយវីរុសកូរ៉ូណា នៅឡើយទេ ស្របពេលដែលជំងឺប្រភេទថ្មីនេះ កំពុងតែមានការរីករាលដាលខ្លាំង ។

យោងតាមសេចក្តីប្រកាស របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី៣ កុម្ភៈ បានឲ្យដឹងថា ពាក់ព័ន្ធនឹងសភាពការណ៍វិវឌ្ឍនៃជំងឺឆ្លងផ្លូវដង្ហើមកូរ៉ូណា នៅក្នុងប្រទេសចិន កន្លងមករាជរដ្ឋាភិបាលកម្ពុជា បានតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះស្ថានការណ៍វិវត្តនៃការរាលដាលជំងឺឆ្លងផ្លូវដង្ហើមកូរ៉ូណានេះ។ ក្រសួងការបរទស និងបណ្តាស្ថានតំណាងរបស់កម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន បានធ្វើការទាក់ទងយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ និងក្រសួងការបរទេសចិន ដើម្បីតាមដានបច្ចុប្បន្នភាពនៃសុខុមាលភាពរបស់ពលរដ្ឋខ្មែរ ជាពិសេសនិស្សិតខ្មែរដែលកំពុងសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន។

ទន្ទឹមនឹងការផ្តល់ទំនុកចិត្ត លើចំណាត់ការប្រកបដោយការទទួលខុសត្រូវរបស់អាជ្ញាធរចិន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានណែនាំឱ្យស្ថានតំណាងព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន ទាក់ទងជាប្រចាំជាមួយនឹងអាជ្ញាធរពាក់ព័ន្ធ របស់ចិន ដើម្បីផ្ញើជូននិស្សិតខ្មែរនូវគ្រឿងបរិក្ខារ អនាម័យចាំបាច់នានា។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានទទួលការបញ្ជាក់ ប្រកបដោយភាពកក់ក្តៅថា សាកលវិទ្យាល័យចិន បានឧបត្ថម្ភស្បៀង និងសម្ភារៈចាំបាច់នានាដល់និស្សិត ហើយបានសំណូមពរអោយអនុវត្ត និងគោរពតាមវិធានការបង្ការ និងទប់ស្កាត់ដែលអាជ្ញាធរចិនបានដាក់ចេញ ដើម្បីធានានូវសុវត្ថិភាព និងសុខភាពផ្ទាល់ខ្លួនផង និងសាធារណៈផង។

ក្នុងសេចក្ដីប្រកាស បញ្ជាក់ថា “មកដល់បច្ចុប្បន្ននេះ ពុំមានករណីឆ្លងមេរោគនេះ លើពលរដ្ឋខ្មែរទេ”។

ក្នុងស្មារតីយកចិត្តទុកដាក់ជួយឧបត្ថម្ភ និងតាមដានសុខុមាលភាពរបស់ពលរដ្ឋយើង ជាពិសេសនិស្សិតខ្មែរដែលកំពុងស្នាក់នៅ និងសិក្សានៅប្រទេសចិន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានតំណាងកម្ពុជានៅសាធារណរដ្ឋប្រជាមានិតចិន បានបង្កើតបណ្តាញ WeChat ជាមួយនិស្សិតខ្មែរនៅតាមតំបន់នានា នៅប្រទេសចិន ដើម្បីសម្រួលដល់ទំនាក់ទំនង និងការផ្តល់ព័ត៌មានបានទាន់ពេលវេលា។

ទន្ទឹមនឹងនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានរៀបចំជាប្រព័ន្ធទូរស័ព្ទ សម្រាប់មាតាបិតាអាណាព្យាបាលនិស្សិត ដែលកំពុងស្នាក់អាស្រ័យនៅប្រទេសចិន ដែលចង់បានព័ត៌មានបន្ថែមឬមានចំងល់ទាក់ទងនឹងសុវត្ថិភាព និងសុខភាពនិស្សិត តាមលេខទំនាក់ទំនង ដូចខាងក្រោម៖
លោក ជ័យ រដ្ឋា 077575807
លោក យស សុខេមរិន 012445959
លោក ហន ឧសភា 089216599៕