ឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវបាននាយករដ្ឋមន្ត្រីកោតសរសើរថា បានប្រែខ្លួនពីពលករនៅកូរ៉េ ក្លាយជាអ្នករកស៊ីដ៏ល្បីនៅកម្ពុជា

0

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពជា បានថ្លែងកោតសរសើរឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានប្រែខ្លួនពីពលករធ្វើនៅកូរ៉េខាងត្បូង ក្លាយជាអ្នករកស៊ីលើវិស័យអចលនទ្រព្យដ៏ល្បីនៅកម្ពុជា។

ក្នុងឱកាសជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ខ្មែររស់នៅកូរ៉េខាងត្បូង នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន​ សែន​ បានមានប្រសាសន៍ថា មិនមែនគ្រាន់តែមកយកប្រាក់ខែទេ ក៏ប៉ុន្តែនៅពេលដែលក្មួយៗពលករ ធ្វើការនៅទៅនេះ ក្មួយៗនឹងមានជំនាញ ហើយអាចយកជំនាញនោះ ទៅរកការងារធ្វើ ឬក៏អាចបង្កើតការងារដែលមានមួយចំនួន បានទទួលជោគជ័យ បន្ទាប់ ពីបញ្ចប់ការងារ ជាពលករនៅឯកូរ៉េនេះ ដើម្បីបង្កើតមុខរបរនៅក្នុងប្រទេស ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា “ឡេង ណាវ៉ាត្រា ឥឡូវក្លាយជាម្ចាស់អចលនទ្រព្យយ៉ាងធំ ដែលសន្សំលុយតិចតួចដែលបានពីកូរ៉េ ទៅទិញដីធ្លី អាឡូវដីធ្លីនោះវាកាក់កប់ អញ្ចឹងវាទៅជាអ្នកជំនួញអចលនទ្រព្យមួយដ៏ធំនៅទីនោះទៅ”។

សម្តេចតេជោ ហ៊ុន សែន បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានស្នើសុំបង្កើនចំនួនពលករខ្មែរ ឲ្យទៅធ្វើការងារ នៅប្រទេសកូរ៉េខាងត្បូង បន្ថែមទៀត គឺដើម្បីម្ខាងដោះស្រាយការងារធ្វើ ហើយម្ខាងទៀតទទួលយកបច្ចេកវិទ្យាថ្មី សម្រាប់នាំយកទៅបង្កើត ការងារថ្មីជូនដល់ប្រជាជនកម្ពុជាផងដែរ ៕