ភ្នំពេញ៖ កីឡាករកម្ពុជា ជារី ចន្ថាប៊ីន បានត្រលប់ទៅប្រកបអាជីពបាល់ទាត់នាប្រទេសម៉ាឡេស៊ីវិញ ក្រោយមកចូលរួមជាមួយក្លិបលីគកំពូលថៃ Sukhonthai FC បានជិត ២ខែ។
យោងតាមហ្វេសប៊ុកផ្លូវការរបស់កីឡាករកូនខ្មែររស់នៅបារាំងរូបនេះបានបង្ហោះ ពីការចុះកិច្ចសន្យាជាមួយក្លិប Perak FA របស់លីគកំពូលម៉ាឡេស៊ី ខណៈដែលរូបគេទើបចាកចេញពីប្រទេសនេះ ទៅចូលរួមជាមួយក្លិប Sukhonthai FC ជិត២ខែប៉ុណ្ណោះ យ៉ាងណាក្តីចំពោះរឿងចាកចេញពីក្លិបថៃ នៅមិនទាន់មានការបញ្ជាក់ពីសាមីខ្លួន ឬក្លិបឡើយ ថាមកពីហេតុអ្វី? ក្នុងការមកកាន់ទឹកដីថៃ ចន្ថាប៊ី បានធ្វើការហ្វឹកហាត់ក៏ដូចជាប្រកួតមិត្តភាពផ្សេងៗផងដែរ ហើយកីឡាករវ័យ ២៧ឆ្នាំរូបនេះ ក៏បាននិយាយថាខ្លួនលេងសុីចង្វាក់គ្នាជាមួយមិត្តរួមក្រុមខ្លាំងណាស់។
គួរបញ្ជាក់ផងដែរថា នេះគឺជាក្លិបទី២ ហើយសម្រាប់កីឡាករមាឌមាំជំនាញជើងឆ្វេង បានទៅចូលរួមនាក្លិបប្រទេសម៉ាឡេស៊ី បន្ទាប់ពីក្លិប Terenganu FC ២រដូវកាលកន្លងទៅ៕
អត្ថបទ៖ មៃ ចាន់បុត្រ



