ភ្នំពេញ៖ លោកជំទាវ កែ សួនសុភី ប្រធានក្លិបកីឡាបាល់ទាត់វិសាខា និងក្រុមការងារ បានអញ្ជើញចូលរួមទស្សនាជំនួបដ៏អស្ចារ្យរវាងក្លិប Liverpool ២-០ Manchester United នៅកីឡដ្ឋាន Anfield ដែលមានអ្នកទស្សនា ៥២,៩១៦នាក់ កាលពីយប់ថ្ងៃអាទិត្យកន្លងទៅ ។
ការអញ្ជើញចូលរួមទស្សនារបស់ថ្នាក់ដឹកនាំក្លិបកម្ពុជានេះ គឺក្នុងគោលបំណងដកស្រង់បទពិសោធន៍ពីការរៀបចំការប្រកួតក្នុងកីឡដ្ឋានស្ដង់ដារពិភពលោក ដើម្បីឈានមកអភិវឌ្ឈន៍ ការរៀបចំការប្រកួតក្នុងស្រុក ពិសេសនៅកីឡដ្ឋានវិសាខា ។
អ្វីដែលពិសេស លោកជំទាវ និងក្រុមការងារ វិសាខា បានជួបលោក Terry Mcdermott អតីតខ្សែបម្រើជម្រើសជាតិអង់គ្លេស និងធ្លាប់ជាសមាជិកក្លិប Liverpool កាលពីទសវត្សទី៧០ ដល់ទសវត្សទី៨០ ដោយចៃដន្យ ហើយលោកបានផ្ដល់ការស្វាគមន៍យ៉ាងកក់ក្ដៅទៀតផង ។ បុរសវ័យ ៦៨ឆ្នាំរូបនេះ ធ្លាប់ឈ្នះពានធំៗ ៣ ក្នុងអាជីពបាល់ទាត់នៅអឺរ៉ុប ហើយបច្ចុប្បន្ន Terry Mcdermott គឺជាជំនួយការអ្នកចាត់ការទូទៅក្លិប Blackpool ។
ដូច្នេះហើយ ការទៅទស្សនាជំនួបដ៏ធំនេះ អាចជួយក្រុមរងជើងឯកនេះ ក្នុងការត្រៀមខ្លួននារដូវកាលថ្មី ដែលនឹងចាប់ផ្ដើម នាថ្ងៃទី១៥ ខែកុម្ភៈ ខាងមុខនេះ៕
អត្ថបទ៖ មៃ ចាន់បុត្រ